ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានស្នើដល់ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រួមទាំងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល មានបំនិនចលនាសាមគ្គី គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលទាំងនេះជាផលប្រយោជន៍រួម ធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាន ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យការងាររៀបចំសោភណ្ឌភាពរបង ក្លោងទ្វា ព្រមទាំងសួរសុខទុក្ខព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និងកីឡាករទូក «ង» រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង ដែលកំពុងសម្រាកព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំសោភណ្ឌភាព ទាំងក្នុង និងក្រៅ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ គឺមានការកែប្រែមុខមាត់ច្រើន ពិសេសមានអនាម័យល្អ គ្រប់ទីតាំងដែលត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ហើយបុគ្គលិកមានការរួសរាយរាក់ទាក់ និងមានសមត្ថភាព ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់យ៉ាងខ្លាំង។
ពិតណាស់នៅឆ្នាំខាងមុខ ខេត្តពោធិ៍សាត់យើង អាចនឹងត្រូវទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ នៅដងស្ទឹងពោធិ៍សាត់ ផ្លូវលេខ១០១ ដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានជាចាំបាច់ និងជាមុខមាត់សម្រាប់ខេត្តយើងផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តមក៏សូមសម្តែងការអរគុណ ចំពោះសប្បុរសជន ដែលចូលរួមចលនាសាមគ្គី ក្នុងការជួសជុលសាងសង់របង ក្លោងទ្វានៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ឱ្យមានភាពស្រស់ស្អាតឡើងវិញ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានចុះពិនិត្យមើលការងារសាងសង់របង ក្លោងទ្វា នៃវិទ្យាល័យពោធិ៍សាត់ និងអគារសិក្សា ១ខ្នង ៥បន្ទប់ នៃអនុវិទ្យាល័យពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហៀង សុផល (ហៅហ៊ាហាំង) និងលោកស្រី សុខ ធី ព្រមទាំងបុត្រ«ម្ចាស់សិប្បកម្មទឹកកកពោធិ៍កំបោរ»ផងដែរ។
វត្តមានរបស់លោកអភិបាលខេត្ត ដែលតែងតែចុះមកពិនិត្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនុ-វិទ្យាល័យពោធិ៍សាត់ គឺធ្វើឡើងតាមការប្តេជ្ញាចិត្តរបស់លោក ដែលចង់ឃើញ អនុ-វិទ្យាល័យពោធិ៍សាត់ ក្លាយជាសាលារៀនគម្រូនៅទូទាំងប្រទេស និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលចាត់ទុកថាវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និងគុណភាព ដើរឆ្ពោះទៅបង្កើតធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ចជាតិ៕