ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជា ប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ០២ ខែ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិខេត្ត ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធ សាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលា ខេត្តកំពត ។
តាមរបាយការណ៌របស់ឯកឧត្តម ចាន់ ចេស្តាអភិបាល នៃគណអភិបាលខេត្តកំពត បាន បញ្ជាក់ថាៈក្រុមការងារចុះមូលដ្ឋានខេត្ត និង ក្រុង/ស្រុក បានចុះសំណេះសំណាល និងស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ តាមបណ្តាក្រុង ស្រុក ក្នុងរយៈពេល០២ ខែ កន្លងទៅនេះ សរុបចំនួន២២លើក ស្មើនិង២១ ឃុំ សង្កាត់ មានការ ចូលរួមពីក្រុមការងារចំនួន ៥១២នាក់ និងប្រជាព លរដ្ឋចំនួន ៣.២៥០នាក់ ស្រី ១.៤៨២នាក់ ដោយប្រមូលបានបញ្ហា សំណូមពរចំនួន ១១៦ ករណី ។ ក្នុងនោះបាន ដោះស្រាយចំនួន ៧០ ករណី កំពុងដោះស្រាយ ៣៥ ករណី និងមិនទាន់ដោះស្រាយចំនួន ១១ ករណី ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ស្ថិតក្នុងក្រុមការងារថ្នាក់ជាតិគ្រប់លំដាប់ថ្នាក់ ទាំងអស់ ដែលបានខិតខំប្រឹង ប្រែងចុះធ្វើវេទិការ សាធារណៈ ដើម្បីដោះស្រាយសណូមពរនានា ដែលធ្វើឲ្យបញ្ហាត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយទទួល បានទំនុកចិត្តពីប្រជាពលរដ្ឋ លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។
ដើម្បីជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ឯកឧត្តម បានស្នើរួចហើយដល់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជូននូវមេដាយការងារ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីឆ្នើមទាំងអស់នៅពេលខាងមុខឆាប់ៗនេះ ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមការងារ ជាពិសេសឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន សុីម៉ន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដែលបានយកចិត្តទុកដាក់ខ្ពស់ទាំងគ្រូ និងសិស្ស ដែលធ្វើឲ្យលទ្ធផលសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នេះ នៅទូទាំងខេត្តកំពត សិស្សប្រលងជាប់ចំណាត់ថ្នាក់និទ្ទេសA បានកើនឡើងលើសឆ្នាំមុនចំនួន១០នាក់ គឺ ឆ្នាំនេះទទួលបាន ២១នាក់ ដែលកាលពីឆ្នាំ២០១៦ បានត្រឹមតែ១១នាក់ ប៉ុណ្ណោះ ។ ចំណុចនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រីគាំទ្រ និងណែនាំឲ្យបន្តការយកចិត្តទុកដាក់ទាំងអ្នកជាប់ និងអ្នកធ្លាក់ ដើម្បីជម្រុញ និងលើក ទឹកចិត្តដល់ពួកគេឲ្យមានការខិតខំសិក្សាដើម្បីឈានដល់គោលដៅជាអតិបរមា ។
ក្នុងន័យឆ្លើយតប ក៏ដូចជាការដាស់តឿន ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំការងារជាក់ស្តែងមួយចំនួនដូចជា៖ហាមប្រជា ពលរដ្ឋក៏ដូចជាមន្ត្រីចូលទៅចាប់ដីរបស់រដ្ឋធ្វើកម្មសិទ្ធិ-ខិតខំថែរក្សាការពារដីស្រែអំបិលដើម្បីថែរក្សារបរប្រពៃណីរបស់ខ្មែរយូរលង់មកហើយ-ខិតខំរកនីតិវិធី សមស្របដើម្បីដោះស្រាយដីចំណីព្រែក ដែលមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋមួយចំនួន-ពិនិត្យលទ្ធភាពស្នើសុំរាជរដ្ឋាភិបាលដើម្បីបើកច្រកទ្វេរភាគី នៅស្រុកបន្ទាយមាស ងាយស្រួលប្រជាជនទាំងសងខាងកម្ពុជា-វៀតណាម ដោះដូរទំនិញ រឺផលិតផល ជាមួយគ្នា-ពន្លឿនការងារកំណត់ព្រំប្រទល់ខេត្ត រវាងស្រុកដំណាក់ចង្អើរខេត្តកែប និង ស្រុកកំពង់ត្រាចខេត្តកំពត។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន សម្រួលនិងសហការដើម្បីឲ្យការអនុវត្តគម្រោងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើវិស័យទឹកស្អាត ជាមួយដៃគូនានា ប្រកបដោយជោគជ័យ ។
ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើឲ្យក្រុមការងារទាំងអស់ បន្តនិងកាន់តែសកម្មឡើង ក្នុងការចុះធ្វើវេទិការសាធារណៈ និងចុះសួរ សុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ ជាមួយនិងការ បម្រើសេវាសាធារណៈឲ្យបានកាន់តែប្រសើរ ។ ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវទង្វើក្បត់ជាតិរបស់មេបក្សប្រឆាំងដែលត្រូវរាជរដ្ឋា ភិបាលឃុំខ្លួនតាមអំណាចសាលក្រមរបស់តុលាការ ពីបទឃុបឃិតជាមួយបរទេសក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ។