ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងការពារព្រំដែនគោកលេខ៤០៣ និងកងការពារព្រំដែនគោកលេខ៤០២


នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៃវីរៈយុទ្ធជន អង្គភាពសម្ព័ន្ធមេត្រី ភាពកងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទីបួន អូរអង្រែ ដែលកំពុងឈរជើងនៅស្រុកអន្លង់វែង ខេត្តមានជ័យ និងកងការពារព្រំដែនគោកលេខ៤០២ ដែលកំពុងឈរជើងនៅស្រុកអូរស្មាច់ ខេត្តឧត្តរ មានជ័យ ព្រមទាំងបាននាំយកអំណោយ និងថវិកាមួយចំនួនទៅចែកជូនកងទ័ពផងដែរ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកំណែទម្រង់សំខាន់ៗ ដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកំពុងបន្ត ដែលក្នុងនោះរួមមាន៖ សមិទ្ធិផលនៃផែនការកែ ទម្រង់រយៈពេលមួយរយថ្ងៃ សេវាសាធារណៈនិងសេវាចាំបាច់ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ការចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញ ការពន្យារនិងប្តូរប័ណ្ណបើកបរ ការប្រឡងទ្រឹស្តីយកប័ណ្ណបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការដាក់QR Codeលើផ្លាកលេខដើម្បីកាត់បន្ថយផ្លាក លេខក្លែងក្លាយ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងផ្លូវដើម្បីធានាគុណភាពរឹងមាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញលើកទឹកចិត្តឲ្យកងទ័ពមានឆន្ទៈកាន់តែមោះមុត ដើម្បីការពារបូរណភាពទឹកដី ដោយផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយការចងសម្ព័ន្ធមេត្រីនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាជាតិខ្មែរយើងមានឆន្ទៈតែមួយ ក្នុងការការពារមាតុភូមិយើង ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រកាសផ្តល់អាគារវេទិកាមួយខ្នងសម្រាប់រៀបចំពិធីបដិសណ្ឋារកិច្ចផ្សេងៗ ផ្លូវក្រាលគ្រួសក្រហមបណ្តោយ១៥៥០ម៉ែត្រនិងទទឹង៥ម៉ែត្រ និងសម្ភារៈសាងសង់មួយចំនួនផ្សេងទៀតដើម្បីឆ្លើយតបនឹងសំណូមពររបស់កងការពារព្រំដែនគោកលេខ៤០៣ និងលេខ៤០២ ក៏ដូចជាការ សម្រួលការលំបាករបស់វីរៈយុទ្ធជនផងដែរ។
ទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញប្រគល់អំណោយ សម្ភារៈ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនដល់កងទ័ពសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃជាតិខ្មែរនេះផងដែរ៕