ជប៉ុនផ្តល់អំណោយជិត ២០ម៉ឺនដុល្លារ ដល់ខេត្តចំនួនពីរ


Ja Aids 29 03 16 2 copy

     ទឹក​ប្រាក់​ប្រមាណ​ជិត​ ២០​ម៉ឺន​ដុល្លារ ត្រូវ​បាន​រដ្ឋា​ភិបាល​ជប៉ុន ប្រ​គល់​មក​ឱ្យ​មន្ទីរ​សាធារណ​ការ​ខេត្ត​ចំនួន​២ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ។ ទឹក​ប្រាក់​ចំនួន​ ១៧៧.៨២១ ដុល្លារ​អាម៉េរិក ​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន ​នៃ​គំរោង​គូសា​ណូណិ បាន​ប្រ​គល់​ជូន​ខេត្ត​ឧត្តរ​មាន​ជ័យ ​និង​ខេត្ត​ព្រះ​វិហារ ​នៅ​ថ្ងៃ​ទី​២៨ ខែ​​មីនា​នេះ ​ក្នុង​ពិធី​មួយ​ក្នុង​ស្ថាន​ទូត​ជប៉ុន​ ប្រ​ចាំ​កម្ពុជា ​។ មន្ត្រី​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​២​ខេត្ត បាន​អញ្ជើញ​ចូល រួម​ក្នុង​ពិធី​នេះ ​ក្រោម​វត្ត​មាន​របស់​ ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ ប្រ​ចាំ​កម្ពុជា​ លោក គូម៉ាម៉ារ៉ូ យូជិ​

     ប្រាក់​ជំនួយ​ទាំង​២​ខេត្ត​នោះ គឺ​សម្រាប់​សាង​សង់​ស្ពាន​បេតុង​ថ្មី​ ១​កន្លែង ​ឈ្មោះ​ស្ពាន​ដង​ទង់ មាន​ប្រ​វែង​ ១៥​ម៉ែត្រ ក្នុង​ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ក្នុង​ទឹក​ប្រាក់​ចំនួន ៩០,៣៥០​ដុល្លារ ​។ គម្រោង​សាង​សង់​មួយ​ទៀត គឺ​សម្រាប់​គម្រោង​កែ​លំអ​ផ្លូវ​ក្នុង​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ ដែល​នឹង​ត្រូវ​ស្ថាបនា​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ ប្រ​វែង ៤​ពាន់​ម៉ែត្រ និង​លូ​ចំនួន​៦ ​កន្លែង​ក្នុង​ឃុំ​ឆែប​ពីរ ក្នុង​ទឹក​ប្រាក់​ ៨៧,៤៧១ ដុល្លារ​អាម៉េរិក​ ។​

     ស្ថាន​ទូត​ជប៉ុន​បាន​ឱ្យ​ដឹង​ថា ​រដ្ឋាភិ​បាល​ជប៉ុន ចាប់​តាំង​ពី​ឆ្នាំ ​១៩៩១ ​មក បាន​ផ្តល់​ថវិកា​ជាង ​៥៥​លាន​ដុល្លារ​អាមេរិក ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន ​និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ ដើម្បី​អនុ​វត្ត​នូវ​គម្រោង គូសា​ណូណិ ចំនួន​ ៥៥៤​គម្រោង ​ទូ​ទាំង​ប្រ​ទេស ​។