ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និង​កិច្ចប្រជុំពិគ្រោះយោបល់ជាមួយ​ដៃគូអភិវឌ្ឍន៍លើកទី២៩ ក្នុងទីក្រុងហ្លួងប្រាបាង​​ ប្រទេសឡាវ


នៅព្រឹកថ្ងៃពុធ ១២រោច​ ខែ​កត្តិក​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ​២៥៦៨​ ត្រូវនឹងថ្ងៃទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ប្រធានគណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា និង​ជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ​​តំណាងប្រទេសកម្ពុជា​​​ បានអញ្ជើញដឹកនាំ​គណៈប្រតិភូ​កម្ពុជា​​​ចូលរួមកិច្ច​​ប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១​ និង​កិច្ចប្រជុំពិគ្រោះ​យោបល់ជាមួយ​ដៃគូអភិវឌ្ឍន៍លើកទី២៩​ ក្នុង​ទីក្រុងហ្លួងប្រាបាង​ នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

សូមជម្រាបថា កិច្ចប្រជុំនេះ​គឺ​ដើម្បីពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងាររបស់គណៈកម្មការទន្លេមេគង្គ​ក្នុងឆ្នាំ២០២៤​ ផែនការអនុវត្តឆ្នាំ២០២៥-២០២៦​ និងដើម្បីបន្តធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព​ និងការធ្វើឱ្យប្រសើរឡើង​នូវស្ថានភាពបរិស្ថាន សង្គម និងសេដ្ឋកិច្ច​ នៃតំបន់​អាងទន្លេមេគង្គ។

ក្នុងកិច្ចប្រជុំ​ ឯកឧត្តម​រដ្ឋមន្ត្រី​​បានលើកឡើងពី​ជំហររបស់កម្ពុជា​ក្នុង​ការ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការពេញលេញ​ជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូសហប្រតិបត្តិការជាច្រើនទៀត ដើម្បីនាំមកនូវសមិទ្ធ​ផល និងជោគជ័យថ្មីៗ​​ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ​ឆ្នាំ២០២១-២០៣០ ផែនការយុទ្ធសាស្ត្រ​​​ឆ្នាំ២០២១-២០២៥ និងសេចក្តីថ្លែងការណ៍ទីក្រុងវៀងច័ន្ទនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើក​ទី៤ ឆ្ពោះទៅសម្រេចបាននូវអាងទន្លេមេគង្គដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម បរិស្ថានល្អ និងមាន​ភាពធន់នឹងអាកាសធាតុ។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានលើកឡើងពី​​បញ្ហាប្រឈមដែលកំពុងតែមានការកើនឡើងជាលំដាប់​ក្នុងអាងទន្លេមេគង្គ ជាពិសេស​ ការឡើងកម្ដៅនៃភពផែនដី​​ ​គ្រោះទឹកជំនន់ និងគ្រោះ​រាំងស្ងួត​ ដែលមានសភាពកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើង​ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំង​ក្នុងទម្រង់ផ្សេងៗមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងសង្គម និងមកលើសេដ្ឋកិច្ច។

ឯកឧត្តម​រដ្ឋមន្ត្រីបាន​​​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការទន្លេមេគង្គ​ និង​​បានស្នើឱ្យគ្រប់ភាគីបន្ត​កិច្ចប្រឹងប្រែងរួមគ្នា​​ដោះស្រាយ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នានាដែលបានបង្កឡើងដោយអាកាសធាតុ​ និង​វិនិយោគបន្ថែមទៀតសម្រាប់ជា​ដំណោះស្រាយប្រកបដោយនវានុវត្តន៍​ និង​ដោយចីរភាព ដើម្បីបន្តជួយដល់ប្រទេសជាសមាជិក​ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន​​ ឱ្យ​កាន់​តែ​មានប្រសិទ្ធភាព​ ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់៕​