ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានគូសបញ្ជាក់ថា គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋពេញលេញមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសឱ្យឈានទៅកាន់ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលកម្ពុជា។
ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះធ្វើឡើង ក្នុងកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះ បណ្តាល និងវិក្រឹតការ នៅទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យពិភាក្សាលើទិសដៅ និងផែនការសកម្មភាពបន្តរបស់នាយកដ្ឋានក្រោមឱវាទ និងត្រៀម ខ្លួនអនុវត្តយុទ្ធសាស្ត្រកែទម្រង់គ្រូបង្រៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ ចាប់ពី ឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកកំណែទម្រង់សាលាគរុកោសល្យ ជាអាទិភាពមួយរបស់ក្រសួងដោយផ្តោតសំខាន់ទៅលើ ១) ការរៀបចំចក្ខុវិស័យថ្មីសម្រាប់វិជ្ជាជីវៈ គ្រូបង្រៀននៅកម្ពុជា ២) ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ៣)ការដំឡើង បៀវត្សរ៍ និងការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន និង (៤) ការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ កំណែទម្រង់ទាំងនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន និងរៀនសំដៅ ឈានទៅបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅកម្រិតមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានមូលដ្ឋានចំណេះដឹងសម្រាប់បន្តការសិក្សាទៅភូមិសិក្សាបន្ទាប់ ឬចាប់យក ជំនាញវិជ្ជាជីវៈ។
បន្ថែមពីនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់សាលាគរុកោ សល្យ ដូចជា ១) បង្កើនគុណវុឌ្ឍិគ្រូ កែលម្អកម្មវិធីបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀន ២) លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ៣) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៤) លើកកម្ពស់ភាពជា អ្នកដឹកនាំគ្រប់គ្រង ៥) ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ ៦) ការធានា គុណភាពអប់រំជាដើម៕

