ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ នៅល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា បាន និងកំពុងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសទស្សនកិច្ចនេះ ក្រៅពីមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងមានជំនួបជាមួយ លោក លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងថែមទៀត។
ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ៕