សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកកិច្ចប្រជុំនិយាយពីសន្តិភាពនៅភ្នំពេញ និងនិយាយពីមីននៅសៀមរាប និងការជួបជាមួយពលរដ្ឋនៅថ្ងៃនេះ គឺជាការមកកាន់ទីតាំងជាក់ស្តែងនៃព្រឹត្តិការណ៍សង្គ្រាម និងមីន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ប្រជុំនិយាយពីសន្តិភាពនៅភ្នំពេញ និងកិច្ចប្រជុំនិយាយពីមីននៅសៀមរាប ជាមួយនឹងការសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកម៉ាឡៃថ្ងៃនេះ គឺជាការមកកាន់ទីតាំងជាក់ស្តែងនៃព្រឹត្តិការណ៍សង្គ្រាម និងមីន។ ដោយសម្តេចមហាបវរធិបតី បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាចំណងទាក់ទងគ្នានៃព្រឹត្តិការណ៍ដ៏ជូរចត់របស់កម្ពុជាកាលពីអតីតកាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «កាលពីសប្ដាហ៍មុនមានកិច្ចប្រជុំអន្តរជាតិនៅភ្នំពេញ តំណាងសភាពីបណ្ដាសភាច្រើនប្រទេសណាស់មកពីទ្វីបអាហ្រ្វីកផង មកពីទ្វីបអាមេរិកឡាទីនផង មកពីអឺរ៉ុបផង មកពីអាស៊ីផង មកប្រជុំគ្នានៅនេះ មានទាំងគណបក្សមានទាំងសភា និយាយប្រធានបទគឺ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន»។ ដើមសប្ដាហ៍នេះខ្ញុំទៅសៀមរាប ដើម្បីយើងធ្វើម្ចាស់ផ្ទះនៃវេទិការកិច្ចប្រជុំនៃសន្ធិសញ្ញាអូតាវ៉ា ដែលប្រឆាំងមីន មីនប្រឆាំងមនុស្ស ដែលគ្រប់គ្នាបរទេសមកសិក្សាចង់ដឹងថាហេតុអីបានជាកម្ពុជាបញ្ចប់សង្រ្គាម ហើយបញ្ចប់សង្រ្គាមឱ្យចប់ដោយមានស្ថេរភាពមិនបទឈប់បាញ់ទើបមាន២ ៣ឆ្នាំហើយបាញ់គ្នាឡើងវិញទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកយកករណីឧទាហរណ៍នៃស្វះស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ ដែលត្រូវបានរលាយត្រឹមតែរយៈពេល១យប់ នៃបត់ឈប់បាញ់រវាងភាគីទាំង២ ដោយសម្ដេចបានមានប្រសាសន៍ថា៖ «ម្សិលមិញឃើញនៅកាហ្សានៅលីបង់ ប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែលជាមួយហេសបូឡា ដែលអ៊ីស្រាអែលថាជាក្រុមឧទ្ទាមមួយចលនាតស៊ូមិនទាន់បានស្រួលបួលផងឈប់មិញបាញ់គ្នាវិញបាត់។ ហើយទាហានមួកខៀវយើងជិត២០០នាក់នៅហ្នុង ទូរស័ព្ទឯកឧត្តម ទៀ សីហា ទាក់ទងជាប់ថ្ងៃខ្លះប្រាប់ថាគេផ្លោងមក គេបាញ់មកគ្មានដឹងទាហាន UN ទេ។ បាញ់មករបួសទាហាន UN ប៉ុន្មាននាក់ដាក់រថក្រោះបាញ់តែម្ដង មិនមែនបាញ់គ្រាប់ផ្លោងដោយចៃដន្យទេ ដាក់បាញ់តែម្ដង។ អីចឹងតិចថា ងាយស្រួលរកនូវសន្តិភាពនោះ ហើយបាញ់គ្នាងាយស្រួលបង្កើតនូវកំហឹង ហើយបង្កើតនូវកំហឹងការសងសឹកពិបាក»

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមទៀតថា៖ «ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសថ្ងៃនេះ កាលពីខ្ញុំឡើងធ្វើសន្ទរកថាសប្ដាហ៍មុននៅភ្នំពេញ ដើមសប្ដាហ៍នៅសៀមរាប ប៉ុន្តែថ្ងៃនេះគឺខ្ញុំនិយាយនៅតំបន់ដែលធ្លាប់មានសង្រ្គាម និងតំបន់ដែលពោពេញទៅដោយមីនតែម្ដង វាខុសគ្នាត្រង់ហ្នឹង។ កន្លែងនោះជាកន្លែងដែលយើងនិយាយកាលដែលទស្សវត្សទី៩០ ជំនាន់មុននយោបាយឈ្នះឈ្នះ ភាគច្រើនសន្តិភាពនៅនោះហើយ តែកន្លែងនេះជាកន្លែងតំបន់នៅវាយគ្នា អីចឹងយើងអាចឃើញហើយ ថាអ្វីដែលយើងសម្ភោធសមិទ្ធផលនៅថ្ងៃនេះ គឺវាភ្ជាប់ជាទិដ្ឋភាពជាក់ស្ដែង អង្គុយមើលគឺជាអ្នកដែលសល់ពីសង្រ្គាម អ្នកដែលរបួសពិការ តែនៅសល់ជីវិត»

« […] អីចឹងទីនេះហើយដែលយើងឃើញនៅសក្ខីភាពកាកសំណល់ពីសង្រ្គាមទាំងមីន ទាំងរូបភាពដែលយើងឃើញខ្លះ ទាំងប្រជាពលរដ្ឋដែលរងគ្រោះ ប៉ុន្តែក៏យើងឃើញនូវសង្ឃឹមថ្មីដែលបានផ្ដល់ឱ្យជាក់ស្ដែង។ មិញខ្ញុំសួរថាជាង២០មុនមានដែលគិតថាមានផ្លូវបេតុងក្នុងភូមិទេ? អត់ដែលគិតទេ! មិនដឹងថាថ្ងៃណាពេលណាអនាគតយ៉ាងមិចផងមែនទេ? […] តែថ្ងៃនេះយើងឃើញបានផលដោយសារចក្ខុវិស័យដឹកនាំជាក់ស្ថែងរបស់សម្ដេចតេជោ ក្រុមការងារដែលច្បាស់លាស់ការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធទាំងអស់ មិញមានទាំងPM មានទាំងប៉ូលីស មានទាំងទាហានចូលរួមដើម្បីយើងមានរកវិធីដោះស្រាយដោយសន្តិវិធីឈ្នះឈ្នះ តែសំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋ»។ នេះគឺជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងឱកាសនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា តម្លៃនៃសន្តិភាពនៅពេលដែលយើងមានសន្តិភាព យើងមិនសូវឃើញតម្លៃប៉ុន្មានទេ ប៉ុន្តែនៅពេលដែលបាត់បង់សន្តិភាពទើបយើងឃើញតម្លៃសន្តិភាពកាន់តែខ្លាំងនៅពេលដែលវាបាត់បង់ មានសន្តិភាពធ្វើឱ្យយើងដើរទៅមុន តែបាត់បង់នូវសន្តិភាពធ្វើឱ្យយើងដើរថយក្រោយ។ សម្ដេចបានបញ្ជាក់ថា ដោយសារតែប្រទេសយើងមានសន្តិភាពទើបយើងអាចអភិវឌ្ឍន៍បានបែបនេះ ហើយយើងនឹងនៅតែបន្តអភិវឌ្ឍន៍ទៀតដរាបណាសង្រ្គាមអវត្តមានពីប្រទេសរបស់យើង៕