ឯកឧត្ដម សាយ សំអាល់ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១៤ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងសន្និសីទភាគីកិច្ចព្រមព្រៀង


នៅទីក្រុង BANDAR SERI BEGAWAN ប្រទេសប្រ៊ុយណេ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំលើកទី១៤ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងសន្និសីទភាគីកិច្ចព្រមព្រៀង ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានពិភាក្សាលើប្រធានបទចំនួន៨ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌបរិស្ថាន៖ (១) វឌ្ឍនភាព ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន (២​)និរន្តរភាពបរិស្ថានទីក្រុង (៣)ការអភិរក្សជីវៈចម្រុះ (៤)ការប្រែប្រួលអាកាសធាតុ (៥)បរិស្ថានតំបន់ឆ្នេរសមុទ្រ (៦)ការងារអប់រំបរិស្ថាន (៧)ការគ្រប់គ្រងធនធានទឹក (៨)ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននឹងជួបពិភាក្សាជាមួយបណ្ដាប្រទេសជាដៃគូសន្ទនាក្នុងក្របខ័ណ្ឌអាស៊ានបូកបីដែលរួមមាន ចិន ជប៉ុន និងកូរ៉េ លើកិច្ចសហប្រតិបត្ដិការវិស័យបរិស្ថាន។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ រដ្ឋមន្រ្ដីបរិស្ថានអាស៊ាន បានពិភាក្សា និងអនុម័តលើៈ
១. សេចក្ដីថ្លែងការរួមអាស៊ានឆ្នាំ២០១៧ស្ដីពីការប្រែប្រួលអាកាសធាតុ
២. ការផ្តល់ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន
៣. ផែនការការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ អាស៊ាន-អង្គការសហប្រជាជាតិ
៤. តួនាទីនិងភារកិច្ចរបស់ឧត្ដមមន្រ្ដីបរិស្ថានអាស៊ាន និងក្រុមការងារ
៥. ផែនការសកម្មភាព ស្ដីពីកិច្ចសហប្រតិបត្ដិការវិស័យបរិស្ថានអាស៊ាន-ចិន
៦. របាយការណ៍ស្តីពីស្ថានភាពបរិស្ថានអាស៊ានលើកទី៥
៧. ការបញ្ជូលឧទ្យានចំនួនពីរដែលស្នើដោយប្រទេសឥណ្ឌូណេសីុទៅក្នុងឧទ្យានបេតិកភ័ណ្ឌអាស៊ាន
ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានចូលរួមពិធីផ្ដល់ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលបានឆ្លងកាត់ការវាយតម្លៃនិងជ្រើសរើសដោយគណៈកម្មការដែលមានសមាសភាពពីប្រទេសជាសមាជិកអាស៊ានទាំងអស់។ ជាមួយគ្នានោះព្រះរាជាណាចក្រកម្ពុជា ខេត្ដកែបត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន​ និងខេត្ដពោធិសាត់ត្រូវបានផ្តល់វិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត។
ខេត្តកែប និងខេត្តពោធិ៍សាត់នៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលពានរង្វាន់អាស៊ានទាក់ទងនឹងផ្នែកបរិស្ថាន។ ពិធីប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ ដារុយសាឡឹម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅទីនោះ។ ខេត្តពោធិ៍សាត់ ទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត។ ដោយឡែកខេត្តកែប ទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន។ នេះជាមោទនភាពនៃប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា ដែលខេត្តរបស់កម្ពុជា បានទទួលពានរង្វាន់អាស៊ានទាក់ទងនឹងវិស័យបរិស្ថាន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
សូមបញ្ជាក់ថា ប្រតិភូជាន់ខ្ពស់នៃក្រសួងបរិស្ថាន រួមនឹងប្រតិភូខេត្តពោធិសាត់ និង ខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញដំណើទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន និងផ្នែកនិរន្តរភាពទឹក នៅប្រទេសប្រ៊ុយណេ កាលពីយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៧កន្លងមកនេះ៕