កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋ៥៥៣គ្រួសារ នៅក្នុងឃុំពាមបាង ស្រុកស្ទោង


ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនប្រជាពលរដ្ឋ៥៥៣គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះរៀបចំនៅវត្តពៅវ៉ើយ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តមបញ្ជាក់ថា ការផ្តល់ស្បៀងអាហារថ្ងៃនេះមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ដើម្បីយកទៅប្រើប្រាស់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ឯកឧត្តម អ៊ុយ សំអាត បានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាមានទុក្ខលំបាកនោះឡើយ។

អំណោយទាំងនេះ គឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្ត និងអាជ្ញាធរភូមិ/ឃុំ ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងដែលបាននិងកំពុងមានការអភិវឌ្ឍ ដោយបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់ផ្សេងៗឱ្យកាន់ប្រសើរឡើងទាំងផ្នែកធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ ដើម្បីភាពរីកចម្រើននិងប្រែក្លាយទៅជាប្រទេសអភិវឌ្ឍក្នុងពេលខាងមុខ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារ ទទួលបានអំណោយក្នុង០១គ្រួសារ៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងឃីត០១។ ដោយឡែកគ្រួសារជាស្ត្រីមានផ្ទៃពោះ និងសម្រាលកូនតូចចំនួន ១៨០គ្រួសារទទួលបាន ឃីតស្ត្រី០១កញ្ចប់ផងដែរ៕