ឯកឧត្តម ម៉ា ឈឿន និងលោកជំទាវ អ៊ុក ម៉ាលី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំពងជ័យ ស្រុកជើងព្រៃខេត្ដកំពង់ចាម


ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព សម្ពោធរបង ក្លោងទ្វារ និងសមិទ្ធផលនានាក្នុងទីស្នាក់ការគណបក្សឃុំ សំពងជ័យ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ពិធីសម្ពោធសមិទ្ធផលនានានេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានការចូលរួមពី ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លេខាគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងទទួលបន្ទុកជួយឃុំសំពងជ័យ, អនុប្រធានក្រុមការងារចុះជួយគណបក្សស្រុក ប្រធាន អនុប្រធាន គណបក្សស្រុក និងសមាជិកសមាជិកា សរុប ប្រមាណ ២៥០នាក់។

ជាកិច្ចចាប់ផ្ដើមគណៈអធិបតី រួមទាំងសមាជិកសមាជិកា រួមទាំងសប្បុរសជនមួយចំនួនបានអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធនានាខាងលើនេះ។ បន្ទាប់មកប្រធានគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ ឡើងអានរបាយការណ៍ និងបង្ហាញនូវសមិទ្ធផលនានាដែលបានកសាងកន្លងមកនេះ នៅឃុំសំពងជ័យ និងថ្លែងអំណរគុណដល់ និងដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ដ ដោយបេះដូងពិតៗរបស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ដែលបានកសាងនូវសមិទ្ធផលនានា មិនត្រឹមតែស្នាក់ការបក្ស របង និងក្លោងទ្វារ គឺមានសមិទ្ធជាច្រើនរាប់មិនអស់នៅឃុំសំពងជ័យនេះ។

សមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ឯកឧត្តម លន់ លឹមថៃ បានបញ្ជាក់បន្ថែមថា ស្នាក់ការគណបក្សនេះ បានផ្តួចផ្តើមដឹកនាំ និងកសាងដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត ដែលបានរកទីងាំង និងទិញដីធ្លីសាងសង់ស្នាក់ការបក្ស រហូតដល់ចេញជារូបរាងនៅថ្ងៃនេះ ហើយបានបន្តរៀបចំហេដ្ឋានរចនាសម្ព័ន្ធបន្ថែមនូវរបេង និងក្លោងទ្វារ ដែលបង្ហាញឲ្យឃើញពីភាពដឹកនាំដ៏ឆ្នើម និងរឹងមាំរបស់លោកទាំងពីរ ដែលចំណាយទាំងថវិកា កម្លាំងកាយចិត្ត និងបេះបេះដូងពិតៗ ដូច្នេះហើយក្រោមការដឹកនាំលោកបណ្ឌិត និងលោកស្រីបណ្ឌិត ធ្វើឱ្យស្រុកជើងព្រៃ មានកែប្រែមុខមាត់ថ្មីពិសេស និងទទួលបានការគាំទ្រខ្ពស់ពីប្រជាពលរដ្ឋ។

ជុំវិញនឹងការគាំទ្ររបស់ថ្នាក់ដឹកនាំ និងប្រជាជនខាងលើនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានថ្លែងអំណរគុណត្រលប់ទៅវិញផងដែរដល់សមាជិក សមាជិកាបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទើបមានលទ្ធផល ពិសេសការសាមគ្គីភាពគ្នាបានយ៉ាងល្អ។

ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិតបាន លើកទឹកចិត្តដល់អាណាព្យាបាល ក៏ដូចជាមាតា បិតាទាំងអស់ ត្រូវបញ្ជូនកូនឲ្យទៅសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗប្រកបដោយធនធានមនុស្ស ពិសេសកូនស្រី ឲ្យបានរៀនជ្រៅជ្រះផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ក៏បានថ្លែងផងដែរ ប្រទេសមានសន្ដិភាព ទើបមានការអភិវឌ្ឍ ដូច្នេះត្រូវតែសាមគ្គីគ្នា រួមគ្នាការពារសុខសន្ដិភាពនេះឱ្យបានគង់វង្សជារៀងរហូត ដើម្បីឱ្យស្រុកភូមិរបស់យើង កាន់តែរីកចម្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

និយាយពីសន្តិភាពនេះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីបិតាសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាងទ្វេ តែងតែផ្ដាំផ្ញើសួរសុខទុក្ខ ទោះទៅដល់ទីណាត្រូវគិតសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ ហើយក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិតផងដែរ។

ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា «ខ្ញុំមានមោទនភាពដែលបានមកាន់ទីកន្លែងនេះម្ដងទៀត ដើម្បីអបអរសាទរដល់សមិទ្ធផលថ្មីៗនានារបស់ឃុំសំពងជ័យ»។ ទន្ទឹមនឹងនោះលោកបណ្ឌិតបានលើកយកនូវ ៣ចំណុច ជូនដល់អង្គកម្មវិធី ពីអ្វីដែលត្រូវធ្វើ អ្វីដែលត្រូវរក្សា អ្វីដែលយើងត្រូវមានការប្រុងប្រយ័ត្ន។

យើងបានដឹងហើយថា ប្រទេសកម្ពុជាយើង បានឆ្លងកាត់សង្គ្រាមច្រើនជំនាន់ណាស់ គឺជាប្រទេសមួយរងគ្រោះខ្ទេចខ្ទាំដោយសារសង្គ្រាម ។ហើយយើងនៅសល់តែប៉ុន្មានថ្ងៃទៀតថា គឺដលថ្ងៃ៧មករាហើយ បើគិតជាឆ្នាំគឺមានរយៈពេល៤៦ឆ្នាំ នៃការរំដោះប្រជាពលរដ្ឋយើង ឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ប៉ុលពល ៤៧ឆ្នាំ មិនធម្មតាទេ គឺកន្លះសត្សវត្ស ចឹងអ្វីដែលបានរំដោះយើងនេះ យើងត្រូវតែចង់ចាំថា អ្នកណាជាបិតារំដោះ អ្នកណាជាបិតាដែលនាំមកនូវសុខសន្ដិភាព នោះគឺគណបក្សប្រជាជនកម្ពុជា និយាយរួម និងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ប៉ុលពត បានកាត់សម្លាប់ប្រជាពលរដ្ឋជាង ៣លាននាក់ បង្អត់អាហារ ធ្វើពលកម្មបាក់កម្លាំង គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានវត្ដអារាម គ្មានអ្វីៗហូបចុកគ្រប់គ្រាន់ គ្មានសិទ្ធសេរីភាពគ្រប់បែបយ៉ាង ត្រូវបានដកហូតទាំងស្រុង ។ហើយសំណួរសួរថា នៅពេលនោះ តើសមរង្ស៊ីនៅទីណា និងអ្នកប្រឆាំងផ្សេងៗទៀតនៅទីណា ហេតុអីមិនចេញមករំដោះប្រជាពលរដ្ឋ ហេតុអីមិនស្រែកថា ប្រជាពលរដ្ឋបាត់សិទ្ធិសេរីភាព គឺពួកគាត់ទាំងនោះគឺបានដេកស្រួល ស៊ីស្រួលនៅឯបរទេស ក្រោមការចិញ្ចឹមបីបាច់ពីពួកបរទេស ហើយមកដល់ពេលនេះក៏រស់នៅបរទេស មានការគាំទ្របីបាច់ពីបរទេស សួរថា ហេតុអីពេលហ្នឹង គាត់មិនស្រែកសួរនាំពីសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ហេតុអីមិនចូលមករំដោះប្រជាពលរដ្ឋយើង ឱ្យមានសិទ្ធសេរីភាព ដូចបច្ចុប្បន្ន។

បើគិតពីសន្ដិភាពពិតប្រាកដ មកដល់ពេលនេះ ២៧ឆ្នាំហើយ ១៩៩៨ មកដល់បច្ចុប្បន្ន ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុនសែន ប្រទេសជាតិ ទទួលបានសុខសន្ដិភាពពិតប្រាកដ យើងមានសិទ្ធសេរីភាព ធ្វើអ្វីក៏បាន កុំតែខុសឆ្គងនឹងច្បាស់។ ការរំលឹកនេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងភ្លេចខ្លួន បើភ្លេចខ្លួន នោះការញោះញង់របស់ក្រុមប្រឆាំង និងធ្វើឱ្យកម្ពុជា វិលទៅរកសង្គ្រោះឆាបឆេះ មិនឈប់ឈរ និរាសព្រាត់ប្រាស់ ខ្ទេចខ្ទាំមិនមានការអភិវឌ្ឍ។ ដូច្នេះយើងត្រូវធ្វើយ៉ាងណារួមគ្នាការពារសុខសន្ដិភាព

ទី២៖ គណបក្សផ្សេងៗស្នាក់ការក៏ជួលគេ សកម្មជនមិនច្បាស់លាស់ និងគ្មានធនធានមនុស្ស, ចំណែកគណបក្សប្រជាជនកម្ពុជាយើង មានសំបុត្រកំណើតត្រឹមត្រូវ កើតចេញពីប្រជាពលរដ្ឋត្រឹមត្រូវ បានតស៊ូលះបង់ដើម្បីទាមទារសុខសន្ដិភាព ឯករាជ្យជាតិ សមាជិកមានធនធានមនុស្សត្រឹមត្រូវ ដែលជាបក្សមួយដែលមាននាមត្រកូលត្រឹមត្រូវ កើតចេញពីចលនាតស៊ូរបស់ប្រជាពលរដ្ឋ ហើយបន្ដរីកធំធាត់លើចលនាប្រជាពលរដ្ឋ មិនមែននៅបរទេសស្រែចាំតែស្រែកនៅក ្រៅប្រទេសនោះទេ ។ដើម្បីឲ្យគណបក្សមួយរឹងមាំ ត្រូវមានគោលនយោបាយត្រឹមត្រូវ ច្បាស់លា​ស់, ត្រូវមានមនុស្សអនុវត្ដ, និងត្រូវមានស្នាក់ការផ្ទាល់ខ្លួនដើម្បីធ្វើការងារ ។

ជាក់ស្ដែងនៅស្រុកជើងព្រៃយើង គឺជាស្រុកទី៤ ដែលបានបញ្ចប់ការសាងសង់ស្នាក់ការបក្សទាំង១០ឃុំមុនគេ ទូទាំងខេត្ដកំពង់ចាម មានស្នាក់ការបក្សសំខាន់ណាស់ មិនចឹងទេអត់មានកន្លែងធ្វើការ អត់មានកន្លែងទុកដាក់ឯកសារ អត់មានកន្លែងប្រជុំផ្ទៃក្នុង។ ដូច្នេះស្នាក់ការបក្សនេះសំខាន់ណាស់ ដែលយើងសម្ពោធសមិទ្ធផលនានា គឺមានអត្ថន័យនយោបាយផង និងអង្គការចាត់តាំងផង ដើម្បីបំពេញឱ្យរឹងមាំ គឺរឹងមាំទាំងនយោបាយ រឹងមាំទាំងការងារចាត់តាំង រឹងមាំទាំងហេដ្ឋារចនាសម្ព័ន្ធ

ទី៣៖ វប្បធម៌នៃការចែករំលែក ដែលយើងមានពីដូនតាមក និងបន្តរក្សាឲ្យមានវប្បធម៌នេះមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែនដូច្នេះកត្ដាសាមគ្គី បើយើងសាមគ្គីយើងរស់ បែកបាក់សាមគ្គី គឺយើងស្លាប់៕