នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៧៥នាក់ ដឹកនាំដោយ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណវិទ្យាល័យកោះស្វាយ ស្ថិតក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងលោក លោកស្រី វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូន ដោយឥតគិតថ្លៃ ក្នុងនោះមានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះក្នុងស្រុកតាលោសែនជ័យ ជិត២០០០នាក់។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្ព័ន្ធក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្កើតឡើងគិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំមកហើយ ដោយឈរលើបេសកកម្មមនុស្សធម៌ ពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី-ខេត្ត ដោយពុំគិតពីនិន្នាការនយោបាយ មិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬសាសនាឡើយ។ ទឹកចិត្ត និងបេសកកម្មមនុស្សធម៌នេះ ស្តែងឡើងពីក្តីស្រឡាញ់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរបងប្អូន លោកតា លោកយាយ ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ សូមអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមការណែនាំ និងសូមឱ្យក្រុមយុវជន ជួយសម្រួលជូន លោកតា លោកយាយចាស់ៗ ឱ្យពួកគាត់បានពិនិត្យ និងព្យាបាលជំងឺដោយរលូន និងប្រកបដោយសុវត្ថិភាព។
ដើម្បីឱ្យកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ និងងាយស្រួលប្រជាពលរដ្ឋមកទទួលសេវានោះ ឯកឧត្តមក៏បានជម្រាបជូនអំពីទីតាំងនីមួយៗ រួមមាន៖ ជំងឺទូទៅ ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺភ្នែក ជំងឺសើរស្បែក កាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺវៈកាត់ សន្លាក់ ជំងឺមាត់ធ្មេញ មន្ទីរពិសោធន៍ចល័ត អប់រំសុខភាពសាធារណៈ ជំងឺទឹកនោមផ្អែម រោគស្ត្រី ផ្នែកអេកូសាស្ត្រ ជំងឺបេះដូង សរសៃឈាម ជំងឺទូទៅ និងកន្លែងបើកថ្នាំ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរស របស់លោក ហេង សុខគង់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅក្នុងស្រុកតាលោសែនជ័យ។
ឯកឧត្តមក៏បានកោតសរសើរដល់អាជ្ញាធរសមត្ថកិច្ចគ្រប់ថ្នាក់ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ខេត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសាភា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ លោកបានចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្ប:ចែករំលែកដ៏ល្អប្រពៃ៕