ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងទទួលមហាជនជាង៥ម៉ឺននាក់, ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំអ្នកពាក់ព័ន្ធពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុត


ដើម្បីឲ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ មានភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនៈភាពនៃគម្រោងនេះ ខណៈគម្រោងនេះនឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។

កិច្ចប្រជុំពីវឌ្ឍនៈភាព នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី បុរាណ សម័យ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ថែមទៀតថា ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់វិញ ត្រូវតែពង្រឹងឲ្យបានម៉ឹងម៉ាត់បំផុត ដោយព្រឹត្តិការណ៍នេះនឹងមានមហាជនចូលរួម ប្រមាណជាង៥ម៉ឺននាក់ តំណាងអង្គទូតនានាប្រចាំនៅកម្ពុជា ក៏បានចូលរួម ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្ដេចនឹងអញ្ជើញប្រគល់បាល់ ជូនក្រុមកីឡា ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាលក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះព្រឹត្តិការណ៍បាល់ទាត់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករ ដើម្បីសំអាតអនាម័យបរិស្ថានជាដើម។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណ៥ម៉ឺននាក់ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើសូមឲ្យធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីខ្លឹមសារ នៃព្រឹត្តិការណ៍នេះច្បាស់ នោះគឺការអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខួបទី២៦ឆ្នាំ។

សូមជម្រាបថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧៖០០នាទី៕