ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាជាង៤ពាន់នាក់ នៅខេត្តត្បូងឃ្មុំ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា ចំនួន៤,៤១១នាក់ នៅខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ការបញ្ជូលសមាជិកគណបក្សថ្មី គឺធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺក្នុងនោះ រួមគ្នាធ្វើអំពើល្អ ដើម្បីជ្រោងទង់សន្តិភាព ដែលជាសមិទ្ធផល ដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការរួបរួមសាមគ្គីពីសំណាក់ប្រជាជនកម្ពុជា និងសមាជិកសមាជិកាបក្សប្រជាជន»

ឯកឧត្តមបណ្ឌិត បានបន្ថែមថាទង្វើងាយៗដែលធ្វើអំពើល្អ មិនអស់ប្រាក់កាក់ តែនាំមកនូវសិរីសួស្តីទៅវិញ នោះគឺស្នាមញញឹម ហើយលើសពីស្នាមញញឹម គឺភាពស្អាតចេញពីក្នុងចិត្ត និងស្អាតបរិស្ថានជុំវិញខ្លួនយើង កត្តានេះបានផ្តល់នូវខ្ល់អាកាសល្អបរិសុទ្ធ ភូមិឋានមានសោភ័ណភាព កាត់បន្ថយចំណាយលើការព្យាបាលសុខភាព និងនាំមកនូវការស់នៅដោយផាសុកភាព។ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មានទំនាក់ទំនងល្អ ជាមួយនឹងការជួយគ្នា ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។

ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយជាអាទិភាព ចំនួន៥ ក្នុងនោះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដែល រាជរដ្ឋាភិបាលអាណត្តិទី៧ បានដឹកនាំនាវាកម្ពុជា បន្តរក្សានិងការពារសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស មានកិត្យានុភាព កេរ្តិ៍ឈ្មោះស្បាញល្បីនៅក្នុងពិភពលោក មិនដូចក្រុមប្រឆាំងក្រៅច្បាប់មួយចំនួនតូច គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្កងអស្ថេរភាពសង្គមជាតិកម្ពុជា។

សូមបញ្ជាក់ថា សមាជិកថ្មី ចំនួន៤៤១១នាក់ ក្នុងនោះមកពីស្រុកអូររាំងឪ ចំនួន ១,១១៩នាក់ ស្រុកពញាក្រែកចំនួន ១,៧៩៧នាក់ និងស្រុកត្បូងឃ្មុំចំនួន ១,៤០៧នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មី បន្ថែមនៅក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងការថ្លែងអំណរគុណ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជានៅថ្នាក់កណ្តាល់ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ចំពោះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ផងដែរ៕