ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងថា នាពេលខាងមុខ ពោលគឺនៅក្នុងពេលយុទ្ធនាការ នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ នឹងមិនចូលរួមក្នុងការដេញថ្លៃរឿងសន្យាឡើងប្រាក់ខែទៀតឡើយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា មិនហ៊ានចូលរួមដេញថ្លៃ ឬធ្វើការសន្យាដូចគណបក្សផ្សេងនោះទេ ពោលគឺធ្វើអ្វីទៅតាមលទ្ធភាព និងសមត្ថភាពរបស់រាជរដ្ឋាភិបាល ដែលអាចធ្វើទៅបាន ព្រោះមិនមែនជាការសន្យាខ្យល់ ដូចគណបក្សប្រឆាំងឡើយ។
ការលើកឡើងនេះ បានធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអាគារសិក្សានៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក និងស្ពានបេតុងតាកុច នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា អ្វីដែលសម្ដេចចង់ធ្វើនោះ គឺការកសាងប្រទេសជាតិ ឲ្យមានការរីកចំរើន។ ជាមួយគ្នានេះ សម្ដេចតេជោបានរំលឹកថា កាលពីមុនសម្ដេចធ្លាប់ចិញ្ចឹមចិត្ដថា នៅពេលដែលសម្ដេចបានដឹកនាំប្រទេស ការងារដែលសម្ដេចធ្វើមុនគេនោះ គឺការកសាងសាលារៀន ទើបបច្ចុប្បន្ននេះ សម្ដេចបានកសាងសាលារៀនរាប់ពាន់ខ្នង រាប់ម៉ឺនបន្ទប់ ដើម្បីឲ្យសិស្សានុសិស្ស បានសិក្សារៀនសូត្រ។
ទាក់ទងបញ្ហាប្រាក់ខែគ្រូបង្រៀនវិញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦តទៅ ប្រាក់ខែគ្រូបង្រៀនទទួលបាន ទាបបំផុត៨០ម៉ឺនរៀល ឬស្មើនឹង២០០ដុល្លារសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៨ខាងមុខ ប្រាក់ខែគ្រូបង្រៀនទាបបំផុតនឹងឡើងដល់២៥០ដុល្លារសហរដ្ឋអាមេរិក។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងបន្ដថា រាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភថវិកាចំនួន៥ម៉ឹនរៀលសម្រាប់ម្នាក់ៗ ជូនដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅទូទាំងប្រទេស នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ហើយចំពោះការបើកប្រាក់ខែថ្មី និងប្រាក់ឧបត្ថម្ភ ជូនមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនេះ គឺត្រូវបើកឲ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីជាដាច់ខាត។
ថ្លែងក្នុងឱកាសដដែលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងថា នៅក្នុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខនេះ គណបក្សប្រជាជនកម្ពុជា មិនហ៊ានដេញថ្លៃ និងសន្យាឡើងប្រាក់ខែជូនមន្ដ្រីរាជការ ដូចគណបក្សផ្សេងនោះទេ។
សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់ឯកឧត្ដម ប្រាជ្ញ ច័ន្ទ អភិបាលខេត្ដត្បូងឃ្មុំ បានឲ្យដឹងថា អគារសិក្សានៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ដែលសម្ដេចតេជោ និងសម្ដេចគិតព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីសម្ពោធនាពេលព្រឹកនេះ គឺមាន១ខ្នង ៣ជាន់ និងមាន២៤បន្ទប់ ហើយសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងតាកុចមានប្រវែង១៨០ម៉ែត្រ ដែលមានព្រំប្រទល់ពីឃុំជំនីក និងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងអំពាវនាវថា នៅពេលបានអគារសិក្សាថ្មីហើយ សូមក្មួយៗសិស្សានុសិស្ស ដែលសិក្សានៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីកទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយជៀសឲ្យឆា្ងយពីការសេពគ្រឿងញៀន នឹងត្រូវនាំគ្នាលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាពរបស់ខ្លួន៕
សម្ដេចតេជោ ៖ គណបក្សប្រជាជនកម្ពុជា មិនហ៊ានដេញថ្លៃរឿងសន្យាឡើងប្រាក់ខែដូចគណបក្សផ្សេងឡើយ
