ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងរយៈពេល១១ខែកន្លងទៅនេះ ក្រសួងបានសម្រេចការងារជាច្រើន ហើយក៏ស្ថិតក្នុងចំណុចដែលអាចចាប់ផ្ដើមសារជាថ្មី នូវកិច្ចការថែរក្សាមរតកដូនតា និងអាចឈានជើងទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលផងដែរ។
ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំឱ្យសម្លឹងងាកទៅរកការកសាងអនាគតនៃតំបន់បេតិកភណ្ឌអង្គរ ហើយលោកបានយល់ឃើញថា អ្វីដែលយើងបានធ្វើកន្លងមកនេះ គឺទទួលបានលទ្ធផលល្អហើយ ថ្វីបើវាមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយក្តី។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំឱ្យមានការពិគ្រោះយោបល់ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ហើយនឹងធ្វើរបាយការណ៍មួយដាក់ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យនិងសម្រេច ដែលរបាយការណ៍នេះ លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះហត្ថលេខាជាមួយគ្នា និងបានផ្ញើជូនលោកស្រីនូវសេចក្តីព្រាងរបាយការណ៍នេះ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងត្រូវពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ជំនឿទុកចិត្ត និងសាមគ្គីភាពទូលំទូលាយ ក្នុងការគ្រប់គ្រងតំបន់អង្គរ ដែលមានន័យថាអាជ្ញាធរ ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងារថ្នាក់ជាតិ និងគណបក្សប្រជាជនកម្ពុជាត្រូវឯកភាពគ្នាលើបញ្ហានេះ។
ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក៏បានស្នើសុំយោបល់ពីសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំយោបល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើសុំយោបល់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជាប្រធានក្រុមការងារគណបក្ស និងបានពិគ្រោះយោបល់ជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា, អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបផងដែរ ហើយយើងត្រូវរក្សាជំហានទៅមុខលើជំហរឯករាជ្យម្ចាស់ការ។
ជាថ្មីម្ដងទៀត ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីកសាងផែនការអនាគតក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរឱ្យកាន់តែល្អប្រសើរនោះ គឺត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង ១១៤ភូមិ, កែសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់ដី, ចុះបញ្ជីតំបន់បេតិកភណ្ឌ, រៀបចំគោលនយោបាយលើកទឹកចិត្ត ជំរុញការអភិវឌ្ឍន៍លំនៅឋានរុនតាឯក និងពាក់ស្នែងឱ្យបានរួចរាល់, រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍និងខ្សែទស្សនាទេសចរណ៍, ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រនិងការអភិវឌ្ឍន៍ផងដែរ ដែលទាំងនេះគឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀតទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ៕