នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Yee Wee Tang ប្រធានគ្រប់គ្រងក្រុមហ៊ុនGrab Taxi ប្រចាំព្រះរាជាណាចក្រថៃ ដែលមានការអមដំណើរដោយគណៈប្រតិភូក្រុមហ៊ុន។
ក្នុងជំនួបពិភាក្សានោះ លោក Yee Wee Tangបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួង សាធារណការ និងដឹកជញ្ជូនលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនGrab Taxi ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបទៅនឹងសំណើរបស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីការគាំទ្រ ដល់អាជីវកម្មរបស់ក្រុមហ៊ុនGrab Taxi ដើម្បីឱ្យក្រុមហ៊ុននោះមានលទ្ធភាពប្រកបអាជីវកម្មរបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុន Grab Taxi នឹងជួយជំរុញឱ្យវិស័យដឹកជញ្ជូនអ្នកដំណើរ នៅព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន និងសម្បូរបែបថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យគណៈប្រតិភូក្រុមហ៊ុន ពិភាក្សាបន្ថែមទៀតជាមួយក្រុមអ្នកជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាដើម្បីរិះរកមធ្យោបាយ និងបន្តនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតប្រតិបត្តិការអាជីវកម្មដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនGrab Taxi ឱ្យទទួលបានជោគជ័យឆាប់ៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Grab Taxi ប្រចាំព្រះរាជាណាចក្រថៃ
