ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងរៀបចំសំឡេះគោអាកីកោះចំនួន៥ក្បាល សម្រាប់យកសាច់ចែកជូនដល់ចាស់ជរា ស្រ្តីម៉េម៉ាយ ក្មេងកំព្រា ស្ថិតក្នុងភូមិជ្រោយមេត្រីលើ ភូមិកោះរកា និងភូមិកណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល ។ ពិធីនេះមានអញ្ជើញចូលរួមអមដំណើ ដោយ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។
ឯកឧត្តមវេជ្ជ.សុះ មុះសិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ពូមីង និងបងប្អូន ផងដែរ ។ សម្តេច និងលោកជំទាវបណ្ឌិតក៏បានផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនមុស្លិមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានប្រកាន់យកសាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្ម រស់នៅដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះក្រោមកិច្ចសហការរវាងសមាគមនិស្សិតមុស្លិមកម្ពុជា និងអង្គរការមុស្លិមហេលហ្វិន ពិធីនេះប្រព្រឹត្តធ្វើឡើងនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។