បន្ទាប់ពីអញ្ជើញដល់ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដែលជាវេទិកាដ៏មានសារៈសំខាន់ជំរុញការធ្វើធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន។
ក្នុងវេទិកានេះ មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន ។
រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តការទាក់ទាញវិនិយោគិនបរទេស និយាយជារួម និងវិនិយោគិនហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់នៃការវិនិយោគរបស់កម្ពុជា។ វេទិកានេះ ក៏ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជា ដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ៕