គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា ស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី ខេត្តបន្ទាយមានជ័យ


គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានចុះស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម លៀម សុដា អភិបាលរងខេត្ត នៅក្នុងជំនួបជាមួយឯកឧត្តម សរ ចំរុង កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកងកម្លាំងទាំង៣ ជាសេនាធិការ បានយក ចិត្តទុកដាក់ ការពារ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈផ្ទៃក្នុងជូនប្រជាពលរដ្ឋ និងរក្សាបាននូវបូរណភាពដែនដី សន្តិសុខតាមបន្ទាត់ព្រំដែន ប្រកបដោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងបានល្អប្រសើរ។ ជាមួយនឹងការអភិវឌ្ឍន៍ ឯកឧត្តមបានគោរពជម្រាបជូនខាងលើ ជាពិសេសនៅតាមតំបន់ដែល បានផ្លាស់ប្តូរពីសមរភូមិ មកជាតំបន់បង្កបង្កើនផល ពាណិជ្ជកម្ម ឧស្សាហកម្ម។ល។

ជាពិសេសបងប្អូន ប្រជាពលរដ្ឋនៅក្នុងក្រុង ក៏ដូចជាបងប្អូននៅតាមបណ្តាលស្រុកជាប់តាមបណ្តោយព្រំដែន គឺជាតំបន់ដែល ទើបទទួលបាននូវសុខសន្តិភាពក្រោយគេ កាលពីខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះ រាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន សម្តេច គឺជាស្ថាបនិកមគ្គុទ្ទេសក៍ឯក រួមជាមួយនិងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះជាច្រើនរូបទៀត បាននាំមកនូវ សន្តិភាពនិងការឯកភាពជាតិយ៉ាងពេញលេញ។

ឯកឧត្តម បានលើកឡើងទៀតថា យន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ៖ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តបានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបញ្ចប់ ចំនួន ៧៤ករណី។ សម្រាប់ឆ្នាំ២០២៥នេះ សំណុំរឿងស្ថិតក្នុងសមត្ថកិច្ចកំពុងដោះស្រាយចំនួន ៩១ករណី។ ឯកឧត្តមបានគូសបញ្ជាក់ថា យន្តការក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរួមមាន៖

-សម្រុះសម្រួលតាមគោលការណ៍ឈ្នះ ឈ្នះ ត្រូវយល់ឱ្យច្បាស់អំពីអង្គហេតុនៃវិវាទ ដោយត្រួតពិនិត្យលើសំណុំរឿងរបស់គូភាគី។

-គូភាគីត្រូវមានឆន្ទៈចូលរួមដោះស្រាយ ដោយនិយាយការពិត ទទួលស្គាល់ការពិត ស្មោះត្រង់ និងគោរពរាល់ការព្រមព្រៀងរួចរាល់ហើយ។ -អ្នកសម្រុះសម្រួលត្រូវពន្យល់ពីនីតិវិធីនៃការដោះស្រាយដល់គូភាគី។

-ពន្យល់ដល់គូភាគីឱ្យយល់អំពីអត្ថប្រយោជន៍នៃការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។

-អ្នកសម្រុះសម្រួលត្រូវមានវិធីសាស្ត្រក្នុងការសម្រុះសម្រួល តាមគោលការណ៍ឈ្នះ ឈ្នះ-ផ្តល់ឱកាសជូនគូភាគីធ្វើការចរចារក្រៅពីកិច្ចប្រជុំ-ការសម្រុះសម្រួលផ្អែកលើឯកសារ ភស្តុតាង សាក្សី ចាស់ព្រឹទ្ធាចារ្យ ស្រាវជ្រាវពីសាវតានៃ ការកាន់កាប់ដីរបស់គូភាគី-អ្នកសម្រុះសម្រួលមិនលំអៀង ត្រូវប្រកាន់ភាពយុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់ លិខិតបទដ្ឋាន និងទិដ្ឋភាពនយោបាយ ឬសង្គមជាក់ស្តែង-មិនប្រកាន់បក្ខពួក ឬមិត្តភ័ក្ត្រ ឬបងប្អូន សាច់ញាតិ។

-ការសម្រុះសម្រួលដោយគ្មានការបង្ខិតបង្ខំ ឬគាបសង្កត់លើភាគីណាមួយ-ត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់សម្រាប់ឱ្យគូភាគីមានទំនុកចិត្ត-អ្នកសម្រុះសម្រួលត្រូវអនុវត្តតាមច្បាប់ និងអនុវត្តតាមឯកសារគតិយុត្តិនានា។

-អ្នកសម្រុះសម្រួលជាមនុស្សដែលម៉ត់ចត់ និងជាមនុស្សដែលគូភាគីជឿទុកចិត្ត

-ការជម្រុញ និងពន្លឿនយន្តការដោះស្រាយ ដោយកំណត់ពេលវេលា និងទីកន្លែងច្បាស់ លាស់។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សរ ចំរុង បានជម្រាបជូនរដ្ឋបាលខេត្តអំពីតួនាទីសំខាន់ៗរបស់រដ្ឋសភាក្នុងនោះរួមមាន៖ការងារអនុម័តច្បាប់ ការងារតាមដានការអនុវត្តន៍ច្បាប់ និងការងារភាពជាអ្នកតំណាង ។

ឯកឧត្តមក៏បានលើកឡើងអំពីតួនាទីរបស់គណៈកម្មការទី១នៃរដ្ឋសភា និងសកម្មភាពការងារដែរគណៈកម្មការបានអនុវត្តកន្លងមក គឺចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួងស្ថាប័ន ក្នុងការអនុវត្តន៍ឱ្យបានសមស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុងវិស័យសិទ្ធិមនុស្ស ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិនិត្យដោះស្រាយទៅតាមសមត្ថកិច្ចជូនម្ចាស់បណ្ដឹង តាមរយៈប្រធានរដ្ឋសភា ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្នុងអាណត្តិទី៧នៃរដ្ឋសភា គណៈកម្មាធិការ អចិន្ត្រៃយ៍បានប្រគល់ភារកិច្ចជូនគណៈកម្មការ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹង វិស័យសិទ្ធិមនុស្សបានចំនួន ២ច្បាប់ គឺ ១.ច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃពិធីសារបន្ថែមនៃអនុសញ្ញា ស្តីពីការប្រឆាំងការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើ អមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ នៅក្នុងឆ្នាំ២០២៥ ចាប់ពីខែមករា ដល់ខែកុម្ភៈ គណៈកម្មការបានទទួលពាក្យបណ្តឹងចំនួន ៤រឿង តម្កល់ទុកឥតចាត់ការចំនួន ៣រឿង កំពុងពិនិត្យចំនួន ១រឿង

និងលិខិតឆ្លើយតបពីក្រសួង ស្ថាប័នពាក់ព័ន្ធបានចំនួន ២រឿង។

ឯកឧត្តម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនអំពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។

 

ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕