ឯកឧត្តមស៊ុយសែមអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកការដ្ឋានសាងសង់មន្ទីរពិសោធន៍ភូគព្តសាស្រ្តជាតិនៃកម្ពុជានៅស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំង៖ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវពិសោធន៍នៃការរុករករ៉ែ និងការធ្វើអាជីវកម្មរ៉ែយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយរីកចំរើន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ទីរពិសោធន៍ភូគព្តសាស្ត្រជាតិនៃកម្ពុជា បានបើកការដ្ឋានសាងសង់នៅក្នុង ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងថាមពលប្រទេសចិន ដោយមានការចូលរួមពីប្រតិភូខេត្តគ័ងស៊ី ប្រតិភូក្រសួងរ៉ែនិថាមពលប្រធានអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុកកំពង់ត្រឡាចនិងប្រជាពលរដ្ឋចូលរួមប្រមាណជាង៣០០នាក់។
ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែកម្ពុជាបានបញ្ជាក់ថា៖ ការសាងសង់មន្ទីរពិសោធន៍ត្រូវចាប់សាងសង់នៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើទំហំផ្ទៃដី១,៤ហិកតា និងចំណាយលើការសាងសង់អាគារ និងការបំពាក់សម្ភារៈអស់ជាទឹកប្រាក់ចំនួន២លាន៥០ម៉ឺនដុល្លាអាមេរិក។
ឯកឧត្តមបានបន្តថា៖ គំរោងសាងសង់មន្ទីរ
ពិសោធន៍ភូគព្តសាស្ត្រជាតិនេះ គឺជាផ្លែផ្កានៃអនុសាសរណយោគយល់គ្នាស្តីពីសហប្រតិបត្តការវិស័យភូគព្តសាស្ត្រ និងធនធានរ៉ែ រវាងអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនែព្រះរាជាណាចក្រកម្ពុជា និងក្រសួងដែនដី និងធនធាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា៖ នៅក្នុងកិច្ចព្រមព្រៀងគ្នា ភាគីចិនបានទទួលបន្ទុកចំណាយលើការសាងសង់មន្ទីរពិសោធន៍ភូគព្តសាស្ត្រ និងបំពាក់សម្ភារៈបរិក្ខាវិភាគ រៀបចំប្រព័ន្ធធានាគុណភាពវិភាគ ព្រមទាំងបណ្តុះបណ្តាលជំនាញវិភាគដល់មន្ត្រីកម្ពុជា។ ដោយឡែកភាគីកម្ពុជាមានភារកិច្ចផ្តល់ទីតាំង សម្រាប់ការសាងសង់មន្ទីរពិសោធន៍ និងជួយសម្រួលលើការងាររដ្ឋបាល ច្បាប់ និងទំនាក់ទំនងមូលដ្ឋាន។ ការសាងសង់មន្ទីរពិសោធន៍ភូគព្តសាស្ត្រនេះ ត្រូវចំណាយពេលសាងសង់៣ឆ្នាំ រីឯ
ការបណ្តុះបណ្តាលមន្ត្រីកម្ពុជាក្នុងការប្រើប្រាស់ឧបករណ៍វិភាគផ្សេងៗ និងត្រូវសម្រេចអោយបានមុនការដាក់អោយប្រើប្រាស់មន្ទីរពិសោធន៍នេះជាផ្លូវការ ដើម្បីផ្តល់លទ្ធភាពដល់មន្ត្រីកម្ពុជាអាចដំណើរការវិភាគ និងគ្រប់គ្រងដំណើរការរបស់ំន្ទីរពិសោធន៍នេះ។
ឯកឧត្តមបានបន្តបញ្ជាក់ថា៖ ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការសាងសង់មន្ទីរពិសោធន៍ភូគព្តសាស្ត្រជាតិមួយនេះ ដេីម្បីលើកកំពស់ការសិក្សាស្រាវជ្រាវភូគព្តសាស្ត្រ និងកិច្ចដំណើរការគ្រប់គ្រងអភិវឌ្ឍន៍ ធនធានរ៉ែនៅកម្ពុជា តាមរយៈការកសាងសមត្ថភាពជាតិផ្នែកពិសោធន៍ និងធ្វើតេស្តលើសំណាកគំរួភូគព្តសាស្ត្រនានាដូចជា ទឹក ដី ថ្ម និងរ៉ែ ដែលនឹងរួមចំណែកដល់ការសិក្សាសក្តានុពលធនធានរ៉ែជាតិ និងប្រសិទ្ធភាពនៃការវាយតម្លៃធនធានរ៉ែ។ មន្ទីរពិសោធន៍នេះ ក៍នឹងកាត់បន្ថយការខាតបង់រូបិយវត្ថុ និងពេលវេលាក្នុងការនាំចេញសំណាកគំរូភូគព្តសាស្ត្រទៅវិភាគ និងធ្វើតេសតនៅបរទេស ដោយសារតែកម្ពុជាពុំមានមន្ទីរពិសោធន៍ ដែលអាចឆ្លើយតបទៅនឹងតម្រូវការវិភាគ និងធ្វើតេសតទាំងនោះ៕