សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុវឌ្ឍនមង្គលរបស់ លោកអនុប្រធានទី ២ រដ្ឋសភា គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយ អំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ លោកសូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងវរោកាសដ៏នក្ខត្តឫក្សវិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ចូលរួមដឹកនាំស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជា ណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃនិងសមិទ្ធផលជាច្រើន តាមរយៈការពង្រឹងតួនាទីប្រកបដោយទំនួល ខុសត្រូវខ្ពស់ ក្នុងភាពជាតំណាង នីតិកម្ម និងការតាមដានការអនុវត្តច្បាប់។ ជាពិសេស លោក បាននិងកំពុងចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីក ចម្រើនជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈការលើកកម្ពស់វិស័យការទូតសភា ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី៖