ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អង្គពិធីនេះត្រូវបានរៀបចំដាច់ដោយឡែកពីគ្នានៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារស្រុក, ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុបរួមប្រមាណ ៤៣០នាក់។

ជាកិច្ចចាប់ផ្ដើមនៃអង្គពិធីទាំងពីរ លោក ឈួន ចាន់ណា ប្រធានគណបក្សស្រុកសាមគ្គីមានជ័យ និង លោក សូត្រ សង់ ប្រធានគណបក្សស្រុកទឹកផុស បានការអានសេចក្តីជូនដំណឹងស្តីពី លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីទាំងពីរ។ បន្ទាប់មកបានស្ដាប់នូវការអានសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលសន្និបាតរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធី។ ឯកឧត្តម បានបញ្ជាក់ថា តាមរយៈសេចក្ដីជូនដំណឹង អង្គសន្និបាតបានទទួលស្គាល់ នូវការអភិវឌ្ឍនលើគ្រប់វិស័យរបស់កម្ពុជា បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងជាប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស ដោយយកជីវិតធ្វើជាដើមទុន និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្ដម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច និងអញ្ជើញទៅដល់មូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងមូលដ្ឋាន និងចិញ្ចឹមចលនាយ៉ាងសកម្ម ក្នុងគោលដៅពង្រឹង និងពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានឱ្យបានកាន់តែរឹងមាំថែមទៀត។

ឆ្លៀតក្នុងក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្ដម បានធ្វើការអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ឱ្យប្ដេជ្ញា បន្ដការពារសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានគង់វង្សជានិច្ច និងការពារសុខសុវត្ថិភាពរបស់សម្ដេចតេជោ និងក្រុមគ្រួសារ ទាំងអស់ ពីការប៉ុនប៉ងវាយប្រហារតាមគ្រប់រូបភាព និងមធ្យោបាយរបស់ពួកប្រឆាំងជ្រុលនិយម។
បានផ្ដល់នូវអនុសាសន៍សំខាន់ៗដូចខាងក្រោមនេះ ៖
១. គណបក្សស្រុក ឃុំ និងសាខាបក្សភូមិ ត្រូវបន្ដអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានម៉ឺងម៉ាត់ និងខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានសេចក្ដីទុកចិត្តលើគណបក្ស
២. ត្រូវចូលរួមទប់ស្កាត់ និងកំចាត់ចោលឱ្យបានជាដាច់ខាត ចំពោះពួកជ្រុលនិយម និងពួកអគតិមួយក្ដាប់តូច ដែលប្រើឧបាយកល និងធ្វើបដិវត្ដន៍ពណ៌ប៉ុនប៉ងផ្ដួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ
៣. គណបក្សមូលដ្ឋានត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំជានិច្ចនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព និងអនុវត្តរបបប្រជុំឱ្យបានទៀងទាត់ និងរាយការណ៍ពីស្ថានភាពនានាតាមឋានានុក្រមគណបក្ស ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
៤. គណបក្សស្រុក ឃុំ ត្រូវខិតខំពង្រឹងសមត្ថភាពសមាជិកដែលមានស្រាប់ និងពង្រីកសមាជិកថ្មី តាមរយៈគោលការណ៍ “រក្សាចាស់ បង្កើតថ្មី” និងត្រូវផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ គោលការណ៍ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់គណបក្ស និងបណ្ដុះបណ្ដាលឱ្យយល់ដឹងឱ្យទូលំទូលាយអំពី “តម្លៃនៃសន្ដិភាព” ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
៥. ក្រុមការងារគណបក្សតាមមូលដ្ឋានទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាព បញ្ជីសមាជិកបក្សឱ្យបានជាប្រចាំតាមប្រព័ន្ធកុំព្យូទ័រ
៦.ត្រូវត្រៀមលក្ខណៈពីចម្ងាយប្រកបដោយបុរេសកម្ម ផែនការសម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឆ្នាំ២០២៨ នាពេលខាងមុខ
៧.ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្ដចុះតាមមូលដ្ឋាន ឃុំនិងភូមិរបស់ខ្លួន ដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃសន្និបាតរបស់គណបក្ស ព្រមទាំងផ្សព្វផ្សាយអំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
៨. ត្រូវថែរក្សាឱ្យបានគង់វង្សនូវសមិទ្ធផលដែលមានស្រាប់ ព្រមទាំងចេះកៀរគរធនធានពីសប្បុរសជននានាដើម្បីបម្រើការបោះឆ្នោត និងការងារចាំបាច់នានាផងដែរ។

សូមជម្រាបជូនផងដែរថា បន្ទាប់ពីពិធីផ្សព្វផ្សាយខ្លឹមសារ នៅស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ រួច ឯកឧត្តម បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលកំពុងសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។ អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ មានវឌ្ឍនភាពសម្រេចបានប្រមាណ ៦០% ហើយដែលនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២៥ នេះ៕