ឯកឧត្តមរដ្ឋមន្រ្តី​ ឆាយ ឫទ្ធិសែន បានដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យសហគមន៍១កន្លែង ស្ថិតនៅភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានស្នើសុំដើម្បីអភិវឌ្ឍជាភូមិគំរូគន្លឹះ


ខេត្តបាត់ដំបង៖ នារសៀលថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យសហគមន៍១កន្លែង ស្ថិតនៅភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានស្នើសុំដើម្បីអភិវឌ្ឍជាភូមិគំរូគន្លឹះ។ ភូមិសំពៅកើត មានមានសក្ដានុពលជាច្រើនរួមមាន ខ្សែផ្លូវខ្វាត់ខ្វែង ប្រឡាយមេចំនួន ៣ខ្សែ ប្រវែងសរុប ៦,៥គីឡូម៉ែត្រ និងប្រឡាយជើងក្លែប ៦គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ បង្កលក្ខណដល់កសិករអាចធ្វើស្រែបាន ២ដង ក្នុង១ឆ្នាំ, មានផ្សារសម្រាប់ទិញ លក់កសិផល និងផលិតផលនានា ជាពិសេស មានភ្នំសំពៅ ដែលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ មានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សូមជម្រាបជូនផងដែរថា ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូឱ្យបានចំនួន ៥០ភូមិ ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យចំនួនភូមិគំរូ កើនឡើងដល់ចំនួន ២៦៤ភូមិ នៅត្រឹមឆ្នាំ២០២៨៕