សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។
នៅក្នុងសាលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចនេះថា «នៅក្នុងឱកាសជំនក្ខត្តឫក្ស នៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តី រីករាយឥតឧបមា សូមចូលរួមសម្តែងនូវអំណរសាទរ និងសូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា»។
សម្តេចមហារដ្ឋសភាធិការធិបតី ជាមគ្គទេសិកាដ៏ឆ្នើមមួយរូប ដែលបានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ប្រកបដោយសីលធម៌ គុណធម៌ ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងបានចូលរួមលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី គ្រប់រូប ព្រមទាំងចុះជួយប្រជារាស្ត្រនៅតាមទីជនបទនានា ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តា ប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕