សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។

នៅក្នុងសាលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចនេះថា «នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរម រាជវាំង ខ្ញុំបាទមានសេចក្តីរីករាយ​យ៉ាងក្រៃលែង សូមប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត សូមបានសម្រេចនូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ។

ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនសម្តេចកិត្តិសង្គហបណ្ឌិត ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី បង្កើនភាព អង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ព្រមទាំងចុះជួយប្រជារាស្ត្រនៅតាមទីជនបទនានា ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់ ។

ជាថ្មីម្តងទៀត នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕