នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងមហាប្រាសាទ ព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីស្តាប់របាយការណ៍សាងសង់ដោយអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការកសាង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់អ្នកឧកញ៉ា ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងការបរិច្ចាគថវិកាផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានអំពាវនាវ កៀរគរថវិកាពីសប្បុរជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាជាច្រើន នៅក្នុងមជ្ឈមណ្ឌលដ៏ធំនេះ សម្រាប់ទុកជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជាមត៌កវប្បធម៌ជាតិផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈសមិទ្ធផលនាថ្ងៃនេះ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការជឿទុកចិត្តមកលើការដឹកនាំ និងការអនុវត្តការងាររបស់ដឹកថ្នាក់នាំគ្រប់ជាន់ថ្នាក់ ក្នុងការកែប្រែកន្លែងដែលមានអតីតកាលចូរចត់ មកជាកន្លែងសម្រាប់អប់រំផ្លូវចិត្ត និងបម្រើដល់ប្រយោជន៍ព្រះពុទ្ធសាសនា។
ឯកឧត្តមបានគូសបញ្ជាក់ពីទស្សនៈប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយផ្សាភ្ជាប់ថា ផ្អែកលើអតីតកាលដែលបានឆ្លងកាត់ដោយលំបាក គឺយើងត្រូវខំប្រឹងប្រែងគិតគូរបន្ថែមឆ្ពោះទៅអនាគត ក្នុងនោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺយើងត្រូវបន្តថែរក្សា និងការពារ និងអភិវឌ្ឍបន្ថែម ទៅលើថ្នាលមានស្រាប់ ដែលយុវជនជំនាន់មុខបានកសាង និងថែរក្សាដើម្បីយើង៕