ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុកខេត្តសៀមរាប


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសសមាសភាព ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុកខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយ ដែលជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ ព្រមទាំងពង្រឹងអភិបាលកិច្ចស្នូល។

ឯកឧត្តមបន្តថា ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និងជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ព្រមទាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយ ស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត ជាមូលដ្ឋានគ្រឹះ ក្នុងការងារពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការគ្រប់គ្រង ធនធានធម្មជាតិ ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ចសង្គម ព្រមជាមួយការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីឆ្លើយតបបានទាន់ពេលវេលានូវការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល អំពីសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងធារាសាស្ត្រ ព្រមទាំងទឹកស្អាត និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជំរុញអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទាំង៣៨ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ខេត្តសៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ ដែលបច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍បានកំពុងមានការកើនឡើងវិញ។ ឧបនាយករដ្ឋមន្ត្រីបន្តថា ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាន គឺចុះជួយដោយស្មារតី ផ្តល់នូវគំនិតកែច្នៃ ហើយក្រុមការងារ ក៏មិនសម្រេចរាល់កិច្ចការ ជំនួសអង្គភាពជំនាញនោះដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិ ត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេច ចាត់តាំង ក្រុមការងារតាមក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕