ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ដំណើរការជោគជ័យរបស់ក្រសួង ស្ថាប័ននានា ដោយទទួលបានការកោតសរសើរ មិនអាចកាត់ផ្តាច់បានពីតួនាទីរបស់ស្ត្រីជាមន្ត្រីរាជការដែលបានចូលរួមចំណែក បំពេញកិច្ចការងារប្រចាំថ្ងៃ។
ការថ្លែងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តព្រៃវែង នៅក្នុងឱកាសដែលរដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។ ពិធីនេះមានការចូលរួមពីឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការសាលាខេត្តព្រៃវែង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម សួន សុម៉ាលីន បានលើកឡើងថា ទិវានារីអន្តរជាតិ ៨ មីនា គឺជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ ១៩៧៧។ ប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវារអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យ មានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអភិបាលខេត្តបន្តថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលដែលមានក្រសួងកិច្ចការនារីជាសេនាធិការ បានជ្រើសរើសយកប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណង ដើម្បីគូស បញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
ប្រធានបទនេះបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ និងប្រារព្ធទិវាអន្តរជាតិនារីដើម្បីអបអរសាទរខួបទី៣០ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង (ប៉េ កាំងបូក៣០) ហើយស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹង ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
ជាមួយគ្នានេះឯកឧត្តម ស្បោង សារ៉ាត់ បានថ្លែងថា ក្នុងសទវត្សទី២១នេះ កម្ពុជាបច្ចុប្បន្នបានផ្តល់តម្លៃខ្ពស់លើតួនាទីស្ត្រី និងបានលើកតម្កើងតម្លៃស្ត្រីបានល្អប្រសើរ។ ចំណុចនេះបង្ហាញពីភាពរីកចម្រើន និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ ប្រជាជនកម្ពុជា ដោយបានខិតខំលើកតម្លៃស្ត្រីស្មើនឹងបុរស ហើយតម្លៃនៃការងារដែលបានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺកិច្ចការងារនៅក្នុងផ្ទះ គឺមានតម្លៃស្នើនឹងការងារនៅក្រៅផ្ទះ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា «ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនានេះ មិនមែនត្រឹមតែសំដៅទៅលើថានារី មានសិទ្ធិធំ ជាងបុរសនោះទេវតា ពោលគឺមានសិទ្ធស្មើៗគ្នា។ ដូច្នេះនេះជាមោទនភាពដែលកម្ពុជា ជាប្រទេសទើបតែឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ហើយសន្តិភាពកម្ពុជា បានត្រឹមតែរយៈពេល២៦ឆ្នាំក៏ដោយ តែការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិស្ត្រី ការលើកតម្កើង និងផែនការយេនឌ័រ នៅកម្ពុជា ត្រូវបានកោតសរសើរ ព្រមទាំងទទួលស្គាល់ពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក អង្គការអន្តរជាតិជាដើម។
ឯកឧត្តមបានបន្តថា ការចូលរួមរបស់ស្ត្រីបានផ្តល់ធាតុចូលបន្ថែមដើម្បីចូលរួមសម្រេចចិត្តលើកិច្ចការងារសង្គមជាច្រើនផងដែរ។ នៅក្នុងសង្គមកម្ពុជា តួនាទីរបស់ស្ត្រី ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមគ្រួសារ ប្រសិនបើគ្មាន ភរិយានៅចាំជួយបង្កឱកាសឱ្យប្តីធ្វើកិច្ចការងារ ឬមិនជួយទ្រនូវការងារជាច្រើននៅក្នុងផ្ទះនោះទេ ប្រហែលប្តីមិនមានឱកាសចេញបំពេញការងារដោយមានសេរីភាពនោះទេ ដូច្នេះនៅក្នុងសង្គម និងគ្រួសារ ស្ត្រីគឺមិនអាចកាត់ផ្តាច់ បាននោះឡើយ៕