ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់នូវកម្មវិធី «គូព្រេងព្រឹទ្ធ» ដែលជាកម្មវិធីលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងអ្នកទស្សនាយ៉ាងច្រើនលាននាក់។ ពិធីនេះបានធ្វើឡើងនៅកោះស្លាកែតស្ទូឌីយោ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងការកោតសសើរ ចំពោះផលិតករខ្មែរលោក ពេជ្រ ចិត្រា ដែលបានរៀបចំកម្មវិធី «គូព្រេងព្រឹទ្ធ» នេះឡើងដែលជាកម្មវិធីល្អមួយផលិត Content ចំពោះកម្មវិធី «គូព្រេងព្រឹទ្ធ» ពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារដ៏ល្អផូរផង់របស់ខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងអត្ថន័យរបស់កម្មវិធី «គូព្រេងព្រឹទ្ធ» គឺមានភាពជ្រៅជ្រះ ហើយក៏ជាកម្មវិធីឯកមួយ មិនទាន់មានស្ថានីយទូរទស្សន៍ ឬផលិតកម្មណាដែលជីកកកាយយកនូវបទពិសោធន៍ឆ្លុះបញ្ចាំងក្នុងជីវិតរស់នៅជាក់ស្តែងដែលមានរសជាតិផ្អែមល្ហែម និងជូរចត់នៃដំណើរជីវិតរស់នៅរបស់គូស្វាមី ភរិយាជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ពីការផ្តល់នូវការគាំទ្រកម្មវិធី «គូព្រេងព្រឹទ្ធ» និងសូមលើកទឹកចិត្តឱ្យមានការផលិតនូវកម្មវិធីនេះឱ្យបានកាន់តែផុសផុលជាបន្តបន្ទាប់បន្ថែមទៀត។ តាមរយៈកម្មវិធី «គូព្រេងព្រឹទ្ធ» នេះ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ ដំបូលន្មានល្អជាច្រើនដល់យុវជន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផលិតនូវកម្មវិធី «គូព្រេងព្រឹទ្ធ» នេះឡើងពិតជាបានរួមចំណែកចែករំលែកផ្តល់នូវចំណេះដឹង បទពិសោធជីវិតល្អៗ ក្នុងទំនាក់ទំនងគ្រួសាររវាងប្តី និងប្រពន្ធដល់សាធារណជន ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងគ្រួសារ បណ្តុះភាពជាគំរូ សេចក្តីស្រលាញ់ និងភាពស្មោះត្រង់ ការគោរព និងផ្តល់តម្លៃ ចេះអត់អោន និងអធ្យាស្រ័យគ្នាក្នុងការកសាងសុភមង្គល សិរីសួស្តី និងសុខដុមនីយកម្មក្នុងសង្គមគ្រួសារ។
សម្រាប់លោក ពេជ្រ ចិត្រា ម្ចាស់ផលិតករកម្មវិធី «គូព្រេងព្រឹទ្ធ» និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កោះស្លាកែតស្ទូឌីយូ បានជម្រាបជូនថា ការផលិតនូវកម្មវិធី «គូព្រេងព្រឹទ្ធ» នេះឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួនប្រកបដោយសេចក្តី សុខ និងសុភមង្គល។
ជាមួយនេះក៏ជាការចូលរួមចំណែកក្នុងការលើកស្ទួយនូវវប្បធម៌ ប្រពៃណីខ្មែរ និងផ្សព្វផ្សាយពីវិស័យទេសចណ៍ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា។ កម្មវិធី «គូព្រេងព្រឹទ្ធ» បានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លារពីសំណាក់មហាជន និងអ្នកទស្សនាយ៉ាងច្រើនលាននាក់ និងមានការចែករំលែកបន្តតាមរយៈកម្មវិធីបណ្តាញសង្គមផ្សេងៗយ៉ាងច្រើនលើសលប់។ កម្មវិធីនេះដែរ មិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេ គឺថែមទាំងពង្រីកទៅក្រៅប្រទេស ដោយមានការចូលរួមពីគូស្វាមី ភរិយាជាជនជាតិ អាមេរិកកាំង អាលឺម៉ង់ បារាំង ថៃ ហើយនាថ្ងៃអនាគត លោកប្រធានមានគោលបំណងពង្រីកឱ្យទៅជាកម្មវិធីសកល ដែលទទួលស្គាល់ពីប្រជាជនទូទាំងសកលលោក។
លោក ពេជ្រ ចិត្រា បានជម្រាបជូនដែរថា ទឹកប្រាក់ចំណាយក្នុងការរៀបចំផលិតកម្មវិធីគូព្រេងព្រឹទ្ធ ចាបពីខែមករា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ ចំនួន ១៤មុឺនដុល្លារអាមេរិក។ កម្មវិធី «គូព្រេងព្រឹទ្ធ» បានធ្វើការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម TikTok Facebook YouTube សរុបវីដេអូចំនួន ៦៣៦ឃ្លីប មានចំនួនអ្នកទស្សនា ( View ) សរុបជាង ៥០០លានដង ចំនួនអ្នកចូលចិត្ត (Like) ជាង ៣០លានដង ចំនួនអ្នកចែកចាយ (Share) ជាង៣លានដង។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រគល់លិខិតសរសើរជូនដល់គូព្រេងព្រឹទ្ធចំនួន២៥គូ ផងដែរ៕