ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ ដែលដឹកនាំប្រទេសពីបាតដៃទទេ មករីកចម្រើនអភិវឌ្ឍន៍គ្រប់វិស័យ


ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាងនយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេស ពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង៤០ឆ្នាំកន្លងមកនេះហើយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុកកំពង់ស្វាយរួចមក, ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ​កម្មជាតិសាសន៍ និងសាសនា​នៅកម្ពុជា។ ជាក់ស្តែង សុខសន្តិភាពនេះ បានអនុញ្ញាតឲ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និងការរៀបចំពិធីផ្សេងៗទៀត។

ឯកឧត្តមបានលើកឡើងថា ក្នុងសន្និបាតបក្សលើកទី៤៥ ក៏បានដាក់ចេញទិសដៅ​​ពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណា មក​បំផ្លាញ​បានឡើយ។ ក្នុងស្មារតីនេះ បន្ត​អនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង​ឯកភាពជាតិពេញលេញ។ ​គាំទ្រ​​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចេះពិចារណាបែងចែកឲ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានបំណងតែម៉្យាង គឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនវត្តបិណ្តិយ៍ មានទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ។

ឯកឧត្តមបានឧបត្ថម្ភគណបក្សស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង ថវិកា២លានរៀល, ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា២លានរៀល) ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា១លានរៀល, ឧបត្ថម្ភផ្នែកសឹករងស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុក ក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង, ឧបត្ថម្ភសាលារៀន៩៤សាលាទូទាំងស្រុក ក្នុង១សាលារៀន កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង, ឧបត្ថម្ភការិយាល័យអប់រំស្រុក កុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង ព្រមទាំងបានឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សស្រុក និងសាខាចំណុះក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ទូទាំងស្រុក មានឃីត១កញ្ចប់ និងថវិកាផងដែរ៕