ឯកឧត្តមអភិបាលខេត្តព្រះវិហារ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៥០០គ្រួសារ នៅស្រុកត្បែងមានជ័យ ជាមួយនឹងការប្តជ្ញាចិត្តុះជូនពលរដ្ឋនៅទូទាំងខេត្តឱ្យចប់នៅក្នុងឆ្នាំ២០២៥


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់លើវិស័យដីធ្លី របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះវិហារ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដាក់ចេញ នូវទិសដៅ ចុះបញ្ជីដីថ្លីជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្យចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៥នេះ ដែលមានក្បាលដីដែលអាចចេញបណ្ណកម្មសិទ្ធប្រមាណជាង ៨០,០០០ក្បាលដី និងបានរៀបចំក្រុមការងារចុះបញ្ជីចំនួន៧ក្រុម ស្មើនិង១៣៤នាក់ មន្ត្រីមន្ទីរ៣៩នាក់ យុវជនស្ម័គ្រចិត្តខេត្ត៦៦នាក់ និងក្រុមអន្តរាគមន៍ក្រសួង២៩នាក់។

ការលើកឡើងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះចែកវិញ្ញាបនបត្រសម្ភាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋចំនួន៥០៤គ្រួសារ ស្មើនឹង៧៨៥បណ្ណ នៅភូមិពោធិ៍ ឃុំពោធ៍ ស្រុកត្បែងមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណដល់មន្ទីរដែនដី អាជ្ញាធរស្រុក ឃុំ ភូមិ និងក្រុមការងារវាស់វែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ដោយមិនគិតពីការនឿយហត់ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសគឺការចូលរួមសហការពីប្រជាពលរដ្ឋទាំងអស់ នៅក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីនេះ ចាប់តាំងពីការប្រកាសតំបន់វិនិច្ឆ័យ ការកំណត់ព្រំប្រទល់ភូមិ ការកំណត់ព្រំវាស់វែងក្បាលដី និងការបំពេញទម្រង់បែបបទផ្សេងៗ រហូតសម្រេចបានលទ្ធផលបិទបញ្ចប់ និងចេញវិញ្ញាបនបត្រ ចែកជូនពុកម៉ែបងប្អូននៅថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវនិងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ដូចខាងក្រោម៖

*ចំពោះបណ្ណកម្មសិទ្ធដីធ្លីដែលចែកជូននាពេលនេះ សូមយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ ទុកដាក់ឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងមិនត្រូវយកទៅអ៊ុតផ្លាស្ទិកបន្ថែមទេ ដែលនាំឱ្យប៉ះពាល់នៅពេលមានតម្រូវការផ្ទេរកម្មសិទ្ធ ឫប្រើប្រាស់ផ្សេងៗ។

*សូមអាជ្ញាធរ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់រួមគ្នា ក្នុងការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាន តាមរយៈយន្តការដោះស្រាយទាំងក្រៅប្រព័ន្ធតុលាការ និងបន្តផ្សព្វផ្សាយការទប់ស្កាត់ ការចូលកាន់កាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

*បណ្តុះស្មារតីស្រឡាញ់ដី ដោយយកចិត្តទុកដាក់ដាំដុះដំណាំផ្សេងៗ ការធ្វើកសិកម្មដែលបានកម្រៃខ្ពស់ ការដាំដំណាំបន្ទាប់បន្សំជុំវិញផ្ទះ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ចិញ្ចឹមត្រី កង្កែប ក្តាម ខ្យង លើផ្ទៃដីដែលបានចុះបញ្ជីស្រាប់ ជៀសវាងទៅកាប់រុករានទន្ទ្រានដីខុសច្បាប់។

*សូមសហការពិនិត្យ និងស្នើសុំការចុះបញ្ជីដីរដ្ឋ ដីសហគមន៍ និងដីសាធារណៈផ្សេងៗទៀត ឱ្យបានច្បាស់លាស់ ដើម្បីធានាក្នុងការថែរក្សាការពារ ឱ្យបានគង់វង្សមិនឱ្យបាត់បង់។

*រាល់ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគៈ ដីមិនស្របច្បាប់ ឫមិនមានការចុះវាស់វែងពីមន្ត្រីជំនាញតាមនិតិវិធីច្បាប់ ត្រូវបានហាមឃាត់ជាដាច់ខាត។

*ជៀសវាងទម្លាប់ដុតរានដីព្រៃ ដើម្បីចាប់សត្វ និងដុតវាលស្មៅ ដុតគល់ជញ្ជ្រាំងផ្សេងៗ ដើម្បីសម្អាតដីស្រែចម្ការ ដែលបង្កឱ្យមានភ្លើងឆេះព្រៃ បំផ្លាញសារធាតុសរីរាង្គក្នុងដី ដែលធ្វើឱ្យដីមិនសូវមានជីជាតិ និងកើនឡើងខ្ពស់កំហាប់ភាគល្អិតនៅក្នុងខ្យល់ អាចបណ្តាលឱ្យមានការបំពុលខ្យល់ប៉ះពាល់ដល់សុខភាព និងលើកទឹកចិត្តប្រែមកជាការដាំដំណាំគម្របដីដូចជា៖ សណ្តែកបាយ ល្ពៅ ត្រសក់ ឪឡឹក ល្ង ជាដើម និងត្រៀមលក្ខណះទាំងមធ្យោបាយ និងកម្លាំង ដើម្បីជួយអន្តរាគមន៍ឆ្លើយតបក្នុងករណីមានភ្លើងឆេះព្រៃរាលដាលបង្កជាហានិភ័យជាយថាហេតុ៕