ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ចូលរួមវគ្គបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​​ការងារ​ត្រួតពិនិត្យកិច្ច​លទ្ធកម្ម​ ​និង​ហិរញ្ញវត្ថុ​ ដើម្បីគាំទ្រ​ការអនុវត្តគម្រោង​​សហប្រតិបត្តិការ​ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)


នៅ​ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ ក្នុងនាម​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រង និងអនុវត្ត​គម្រោងរបស់ក្រសួង ​ចូលរួមវគ្គបណ្តុះបណ្តាល​​ពង្រឹងសមត្ថភាពការងារ​ត្រួតពិនិត្យកិច្ច​លទ្ធកម្ម និងហិរញ្ញវត្ថុ និងការងារពាក់ព័ន្ធ​មួយចំនួន​​ សម្រាប់​គាំទ្រដល់ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា​រវាង​​​​ធនាគារអភិវឌ្ឍន៍​អាស៊ី(ADB)​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួង​ធនធានទឹក និងឧតុនិយម ​ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

សូមជម្រាបថា​ វគ្គបណ្ដុះបណ្តាល​ដែល​រៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនា​ពេល​នេះ​ ​បានប្រព្រឹត្តទៅនៅសណ្ឋារគារសាន់អែន&មូន ដោយមានការអញ្ជើញចូលពីសំណាក់​ លោក​ លោកស្រី​ជា​តំណាង​គ្រប់ក្រសួងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍​នានាក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប៕