នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអាធ័ម សម្រាប់ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនាការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តឱ្យបានច្រើនកុះករ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ ឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈល្អ ទើបយើងមានឱកាសរៀបចំក ម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាស សប្បាយរីករាយជូនប្រជាពលរដ្ឋ និងសុខដុមរមនា។
សូមរម្លឹកថា សម្រាប់សង្ក្រានប៉ៃលិន រយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤កន្លងទៅ គឺខេត្តប៉ៃលិនទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបរួម ៨០៨,២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨,២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០,០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងប្រគុំតន្ត្រីរាំកម្សាន្ត តំបន់ត្រជាក់ចិត្ត ដែលរៀបចំដោយរដ្ឋបាលខេត្ត៕