រដ្ឋបាលខេត្តពោធិ៍សាត់ ដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៤


រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីដង្ហែ អបអរសាទរពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលស្គាល់ជ័យលាភី ជាមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ បាកាន ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ជាលើកទី២, មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ក្រគរ ទទួលបានជ័យលាភីលេខ៦ ទូទាំងប្រទេស និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ខេត្ត ទទួលបានជ័យលាភីលេខ៣ ទូទាំងប្រទេស។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ក់​ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត ដោយបានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ញឹម រដ្ឋា ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានដាក់ឱ្យអនុវត្ត ដោយអនុក្រឹត្យលេខ ៥៤អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨។ ដោយចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០១៩មក រហូតដល់ឆ្នាំ២០២៤ ខេត្តពោធិ៍សាត់បានកំណត់យកវិទ្យាល័យ សាលាមតេយ្យ និងមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់ កម្រិត១ កម្រិត២ កម្រិត៣ ជាគោលដៅក្នុងការវាយតម្លៃ ជ្រើសរើសឱ្យទៅចូលរួមប្រឡងប្រណាំងនៅថ្នាក់ជាតិ ក្នុងនោះរួមមាន៖
*វិស័យអប់រំ មានសាលាមតេយ្យធនធានខេត្ត, សាលាមតេយ្យធនធានពោធិ៍សាត់, វិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យហ៊ុន សែនឈើតុំ
*វិស័យសុខាភិបាល មានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ខេត្ត, មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ បាកាន និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ក្រគរ។

លោកប្រធានមន្ទីរបន្តថា ជាលទ្ធផលបេក្ខភាពចំនួន៣ ដែលទទួលបានជ័យលាភីយ៉ាងគាប់ប្រសើរ ដែលយើងកំពុងតែរៀបចំកម្មវិធី នាពេលនេះ៖
ទី១៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ បាកាន ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ជាលើកទី២
ទី២៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ ក្រគរ ទទួលបានជ័យលាភីលេខ៦ ទូទាំងប្រទេស
ទី៣៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ខេត្ត ទទួលបានជ័យលាភីលេខ៣ ទូទាំងប្រទេស។ រីឯវិស័យអប់រំ ពុំទទួលបានជ័យលាភីឡើយ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ផ្អែកលើរបាយការណ៍ របស់គណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត លោកសូមចូលរួមអបអរសាទរ ចំពោះអង្គភាពជ័យលាភី មន្ទីរពេទ្យបង្អែកកម្រិត១ បាកាន, មន្ទីរពេទ្យបង្អែកកម្រិត១ ក្រគរ, មន្ទីរពេទ្យបង្អែកកម្រិត៣ ពោធិ៍សាត់ ដែលទទួលបាន ចំណាត់ថ្នាក់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល។ លោកសូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូ ថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមគាំទ្រ និងជំរុញការអនុវត្តចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធិភាព នៅតាមបណ្តាអង្គភាព ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅមូលដ្ឋាន នាពេលកន្លងទៅនេះ។

ឯកឧត្តមបន្តថា ក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យទាន់ពេលវេលា ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ទៅតាមវិស័យអាទិភាព និងបានរៀបចំបង្កើតនូវយន្តការអនុវត្តដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងការឆ្លើយតបទាន់ពេលវេលា ទៅនឹងគោលដៅអាទិភាព របស់រាជរដ្ឋាភិបាល៖
ទី១៖ បង្កើតគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ។
ទី២៖ បង្កើតគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ។
ទី៣៖ បង្កើតគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាល។

ឯកឧត្តមស្នើដល់ឱ្យអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានជ័យលាភីទាំងអស់ ត្រូវមានការរៀបចំចងក្រងបទពិសោធ នៃការអនុវត្តការងារ ដើម្បីចែករំលែក នូវភាពជោគជ័យ និងបន្តផ្សព្វផ្សាយជូនអង្គភាពផ្សេងៗទៀតឱ្យបានទូលំទូលាយ ក្នុងការលើកកម្ពស់ និងកែលម្អគុណភាព នៃការផ្តល់សេវា នៅតាមអង្គភាព។ លោកសូមឱ្យអង្គភាព ដែលពុំទាន់បានទទួលជ័យលាភី ត្រូវបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈគំរូ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានោះ ឯកឧត្តមសូមប្រកាស នៅឆ្នាំ២០២៦ខាងមុខ ខេត្តពោធិ៍សាត់ គឺមិនត្រូវឱ្យមានសំរាម ដែលកិច្ចការទាំងនេះ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវចូលរួមឱ្យបានផុសផុល ស្របពេលដែលខេត្តរបស់យើង ក៏នឹងត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ សម្រាប់ឆ្នាំ២២៦ផងដែរ៕