រដ្ឋបាលខេត្តតាកែវ រៀបចំក្រុងពាលីសុំសេចក្ដីសុខ ក្នុងការរៀចំសង្ក្រាន្ដ ឆ្នាំ២០២៥ ខណៈព្រឹត្តិកាណ៍នេះ មានសប្បាយៗជាច្រើន


តាកែវ ៖ បន្ទាប់ពីការរៀបចំបុណ្យទន្លេបានជោគជ័យទៅតាមការគ្រោងទុក នៅពេលនេះ រដ្ឋបាលខេត្តតាកែវ កំពុងតែរៀបចំព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មីបន្តទៀត ដែលសង្រ្កាន្តឆ្នាំថ្មីនេះពិតជាកក្រើកជាក់ជាពុំខាន ព្រោះមានព្រឹត្តិការប្លែកៗ និងសប្បាយជាច្រើនជូនបងប្អូនប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ត។

ដោយឡែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ មីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកចូលរួមផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា សម្រាប់កម្មវិធី តាកែវសង្រ្កាន្ត ឆ្នាំ២០២៥នេះ ក្រុមការងាររដ្ឋបាលខេត្ត បានសិក្សាត្រៀមរៀបចំ ការប្រណាំងរទះគោសាឡី នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងរៀបចំទីតាំងចំនួន ៥កន្លែងធំៗ សម្រាប់ផ្ដល់ការកម្សាន្ដជូនបងប្អូនប្រជាពលរដ្ឋ មានដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែង ប្រជាប្រិយ និង ទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្ត, តាកែវភូមិកំណើតខ្ញុំ ដែលនឹងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ប្លែកៗជូនបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្ត។

ឯកឧត្តម អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្រៅពីការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំប្រពៃណី យើងក៏នឹងមានការរៀបចំ ស្តង់ពិព័រណ៍ ដែលមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងមកពីបណ្ដាស្រុកក្រុង ដែលនឹងដាក់តាំងផលិតផលកើតចេញពីស្នាដៃ កូនខ្មែរ ម្ហូបអាហារខ្មែរ ជាពិសេសគឺមុខម្ហូបប្រចាំតំបន់ផ្សេងៗគ្នាដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្តខេត្តតាកែវ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើងខាងមុខផងដែរ៕