រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគោលការណ៍ជ្រើសរើសខ្សែផ្លូវអាទិភាពដើម្បីស្ថាបនា ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រី មានបញ្ជាក់ជូនថា ការជ្រើសរើសខ្សែផ្លូវ ត្រូវផ្អែកលើអាទិភាពសំខាន់ៗ ដូចជា ទី១.ខ្សែផ្លូវដែលមាននៅក្នុងផែនការមេផ្លូវជនបទ ទី២. ខ្សែផ្លូវដែលបម្រើផលប្រយោជន៍ដល់ប្រជាជនបានច្រើន, និង ទី៣. ខ្សែផ្លូវដែលមានស្ថានភាព និងគុណភាពផ្លូវត្រូវស្ដារ និងលើកកម្រិតគុណភាព ហើយនេះជាយន្ដការដ៏សំខាន់មួយក្នុងចូលរួមចំណែកអនុត្តនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយផ្អែកលើអភិក្រមពង្រឹង ៧០% និងពង្រីក ៣០%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតជូន ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ផ្សព្វផ្សាយនូវគោលការណ៍ក្នុងការរៀបចំផែនការស្ដីពីការលើកទឹកចិត្ត និងផ្ដល់គ្រឿងឥស្សរិយយសជូនមន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ដើម្បីឱ្យអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ពិនិត្យ និងស្រង់ឈ្មោះមន្ដ្រីដូចមានក្នុងលក្ខខណ្ឌខាងលើ ដើម្បីរៀបចំនិងលើកសំណើផ្តល់គ្រឿងឥស្សរិយយស។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរទាំងអស់ ខិតខំយកចិត្តទុកដាក់អនុវត្តស្មារតីអង្គប្រជុំ ឱ្យបានហ្មត់ចត់ ប្រកបដោយការទទួលខុសត្រូវ៕