នាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន និងអតីតនាយករដ្ឋមន្ត្រីថៃចំនួន៤រូប បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមខុរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះមរណភាពអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាបងប្រុសជាទីគោរពស្រឡាញ់របស់សម្តេច។
ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដោយផ្ទាល់ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយនឹងការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធហើយនោះ ឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់បងប្រុសបង្កើតជាទីគោរពស្រឡាញ់។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត ក៏បាននាំមកនូវកម្រងផ្កាចូលរួមមរណទុក្ខពីអតីតនាយករដ្ឋមន្ត្រីថៃចំនួន៣រូបទៀត គោរពជូនសម្តេចតេជោ ហ៊ុន សែនផងដែរ។ អតីតនាយករដ្ឋមន្ត្រីថៃ៣រូបផ្សេងទៀត ដែលបានផ្ញើកម្រងផ្កាចូលរួមរំលែកមរណទុក្ខនេះរួមមាន៖ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន។
ទន្ទឹមនឹងការផ្ញើកម្រងផ្កាហើយនោះ អតីតនាយករដ្ឋមន្ត្រីថៃទាំង៣រូប បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចតេជោ ហ៊ុន សែន បានបាត់បង់បងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្លួន។
ក្រៅតែពីអតីតនាយករដ្ឋមន្ត្រីថៃហើយនោះ លោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់ ក៏បានចាត់លោកជំទាវភារៈធារីស្តីទីនៃស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាំយកកម្រងផ្ការបស់លោកស្រីនាយករដ្ឋមន្ត្រី ចូលរួម រំលែកមរណទុក្ខក្រៀមក្រំផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធសពបងប្រុសសម្តេចដោយផ្ទាល់ និងតាមរយៈឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត សូមថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រីទាំង៣រូប គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលបានចូលរួមចែករំលែកទុក្ខជាមួយសម្តេច។
សូមបញ្ជាក់ថា អ្នកឧកញ៉ាឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ បានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២៖២៧នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។ សពរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិគ្រឹះ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕