នៅរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរជាច្រេីនរូប។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតរួមមាន ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥២,៨%។
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍអាងទឹកដងកាំបិត គឺក្នុងគោលបំណងដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលល្បាយក្រួស ១ខ្សែទៀត ដែលមានប្រវែង ២៨គ.ម ទទឹង ៧ម៉ែត្រដែលគ្រោងលើកកម្រិតគុណភាពជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលខាងមុខ។ ខ្សែផ្លូវនេះស្ថិតនៅក្នុងភូមិជរ ឃុំសណ្តាន់ ទៅភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ដោយឆ្លងកាត់ភូមិចំនួន ៨ភូមិ និងមានប្រជាជនអាស្រ័យផលដោយផ្ទាល់សរុបចំនួន ១,៣៤២គ្រួសារ ស្មើនឹង ៥,៧៣៤នាក់ ស្រី ២,៨៥៦នាក់ ហើយក៏ជាខ្សែផ្លូវដែលតភ្ជាប់ទៅកាន់ទំបន់អាងទឹកដងកាំបិត ដែលនិងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជានៅពាក់កណ្តាលឆ្នាំ ២០២៧ ផងដែរ៕