ព្រលានយន្តហោះតារាសាគរ ចាប់ផ្ដើមហោះហើរក្នុងស្រុកជាលើកដំបូង, អ្នកនាំពាក្យអាកាសចរស៊ីវិលចាត់ទុកជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ចរន្តសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ !


ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ចាប់ផ្ដើមហោះហើរជាលើកដំបូងក្នុងស្រុក ចំពោះការហោះហើរលើកដំបូងនេះ ជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ជំរុញកំណើននៃចរន្ដសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា «ចំពោះការហោះហើរទៅកាន់អាកាសយានដ្ឋាន តារាសាគរ នេះគឺការផ្តួចផ្តើមរបស់ក្រុមហ៊ុនព្រលានយន្តហោះ តារាសាគរ ដោយ មានកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាអ្នករៀបចំការហោះហើរជារៀងរាល់ថ្ងៃសុក្រ ចំពោះគោលបំណងនៃការហោះហើរនេះ ដើម្បីលើកតម្កើនធ្វើឲ្យប្រសើរឡើង នៃការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក ក៏ដូចជាជំរុញឲ្យមានសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក នៅតំបន់តារាសាគរ និងតំបន់កោះ នេះជាការចាប់ផ្ដើមថ្មីមួយដែលឆ្ពោះទៅរកភាពល្អប្រសើរ»

ឯកឧត្តមបានបន្ដថា ដើម្បីបង្កើនទេសចរ ជំរុញចរន្ដសេដ្ឋកិច្ច ក្រុមហ៊ុនបានច្របាច់បញ្ជូលគ្នា ដោយមានការរៀបចំជាកញ្ចប់ ដំណើរកំសាន្ដទេសចរណ៍ ដោយមានដំណើរកំសាន្ដទៅតំបន់ផ្សេងៗក្នុងកញ្ចប់នោះ។ នេះជាការចាប់ផ្ដើមថ្មី ដែលផ្ដល់បទពិសោធន៍ថ្មី ដល់សាធារណជនដែលចង់មានបទពិសោធន៍ ក្នុងការធ្វើដំណើរតាមយន្ដហោះទៅកាន់តំបន់តារាសាគរ ចំពោះតម្លៃនៃសំបុត្រ គឺមានភាពសមល្មមអាចទទួលយកបាន ព្រោះនេះជាការចាប់ផ្ដើមដោយជំរុញធ្វើយ៉ាងណា ឲ្យមានអ្នកធ្វើដំណើរទៅកាន់ទីនោះឲ្យបានច្រើន។

ឯកឧត្តមបានបន្ដថា ចំពោះការចេញដំណើរយន្ដហោះនឹងចេញពី ទីក្រុងភ្នំពេញនៅក្នុងពេលម៉ោង៣៖២០នាទីរសៀល ទៅដល់តារាសាគរម៉ោង៣៖៥០នាទី ដោយហោះមួយជើងក្នុងមួយសប្ដាហ៍។ ចំពោះការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក នឹងមានការជួយសម្រួលដោយក្រុមហ៊ុនវីរៈប៊ុនថាំង តាមរយៈកប៉ាល និងឡានក្រុង ដើម្បីបន្ថែមភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលទៅដល់តារាសាគរហើយ បន្ដដំណើរទៅកាន់កន្លែងផ្សេងៗទៀត។

ឯកឧត្តមបានបញ្ជាក់ថា «នេះជាចលករក្នុងការជំរុញ និងបង្កើតចរន្ដទេសចរណ៍ ចរន្ដសេដ្ឋកិច្ច ហើយការតភ្ជាប់ផ្លូវក្នុងស្រុកពីតំបន់ដីគោក និងទៅតំបន់កោះ ចំពោះកញ្ចប់ទស្សនដំណើរកំសាន្ដទេសចរណ៍ ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ដ តាមរូបភាពការដឹកជញ្ជូនចម្រុះ ឬហៅថាពហុដឹកជញ្ជូន មានន័យថា ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ដដោយជិះយន្ដហោះ ត្រឡប់មកវិញដោយជិះឡានក្រុង ឬធ្វើដំណើរដោយជិះឡានក្រុងត្រឡប់មកវិញតាមយន្ដហោះ (ព្រោះការហោះហើរតាមយន្ដហោះមានតែ១ជើងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍)»

ឯកឧត្តមបានបន្ថែមថា ក្នុងនោះពហុដឹកជញ្ជូន យើងមានការសហការគ្នាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ, តារាសាគរ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញដំណើរកំសាន្ដនៅទីនោះ នេះជាការចាប់ផ្ដើមថ្មីមួយ ដែលអាចបង្កឲ្យមានចរន្ដរស់រវើកឡើងវិញ ក្នុងតំបន់នោះ៕