ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព. ស២៥៦៩ គ. ស២០២៥ ដែល នឹងឈានចូលមកដល់នាថ្ងៃទី១៤ ខាងមុខនេះ ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុន ដែលរៀបចំដោយរដ្ឋបាលខេត្តរតនគិរី បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដោយមានអត្តពលិកទាំងខ្មែរ បរទេសជិត៥០០នាក់ចូលរួម។
ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ និងអ្នកឧញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានអញ្ជើញក្នុងព្រឹត្តិការណ៍នេះផងដែរ។
មុនការចាប់ផ្តើមរត់ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនាពេលនេះ គឺក្នុងគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាមុខនេះ និងដើម្បីសុខភាពព្រមទាំងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តរតនគិរី។ នៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ និងជនបរទេផងដែរ ដែលបានចូលរួមរត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុន នាថ្ងៃនេះ។ ទាំងនេះ បានបង្ហាញអោយឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់មុខមាត់ខេត្ត សុខសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្ដិតយករូបភាពជាច្រើនពីខេត្តរតនគិរី និងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ ហើយព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការលើកកម្ពស់នៃការរស់នៅប្រកបដោយសុខុមាលភាព និងជួយលើកស្ទួយដល់វិស័យទេសចរណ៍ដោយបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃខេត្តរតនគិរីផងដែរ។
សូមបញ្ជាក់ថា អត្តពលិកទាំងបានធ្វើការរត់ ក្នុងចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ដោយចេញពីចំណុចរូបសំណាកគ្រួសារដំរី ជាប់រមណីដ្ឋានបឹងកន្សែង ឆ្ពោះមករង្វង់មូលនាគព័ន្ធក្រុងបានលុង រួចឆ្ពោះទិស ខាងកើត ដល់ផ្លូវបំបែកជា៤ផ្សារទំនើបសុីត្រា បត់ទៅទិសខាងជើងបន្តរត់ដល់ផ្លូវបំបែកជា៤សាលាបឋមសិក្សាឡាបានសៀក រួចបត់ទៅទិសខាងលិចតាមមហាវិថី ព្រឹទ្ធាចារ្យ ប៊ូ ថងដល់ផ្លូវបំបែកជា៤ ទីស្នាក់ការគណបក្សប្រជាជនខេត្ត រួចបត់ទៅទិសខាងជើងវិញ ហើយរត់១ជុំរមណីយដ្ឋានបឹងកន្សែង១ ជុំ ឆ្ពោះមករកទីព្រ័ត្រ នៅចំណុចរូបសំណាកគ្រួសារដំរីវិញ។ ក្នុងឱកាសនេះក៏មានការបំពាក់មេដាយមាសជូនអត្តពលិកលេខ១ លេខ២ លេខ៣ និងអត្តពលិកដែលបានចូលរួមរត់ទាំងអស់ក៏ទទួលបានមេដាយសំរឹទ្ធផងដែរ៕