ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ, ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី បានចូលរួមពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរ ឆ្នាំ២០២៥» ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ក្រៅពីការរៀបចំពិធីតាមបែបសាសនា ពិធីបំបួសភ្នំខ្សាច់នៅបរិវេនសួនផែនទីខេត្ត ក៏ដូចជាពិធីបែបសាសនាមួយចំនួនទៀត ក្នុងគោលបំណងគោរពបូជា សុំសេចក្តីសុខពីទេវតាឆ្នាំថ្មី ដើម្បីបើកព្រឹត្តិការណ៍«សង្ក្រានឧត្តរ» លោកអភិបាលខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយនានា ជាមួយប្រជាពលរដ្ឋប្រកបដោយក្តីសប្បាយរីករាយ ដូចជាចូលរាំលេងកម្សាន្ត លេងល្បែងវាយក្អម ទាញព្រ័ត…ជាដើម។
ក្រៅពីកម្មវិធីកម្សាន្តដែលឯកឧត្តម មាន ចាន់យ៉ាដា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ក៏នៅមានកម្មវិធីកម្សាន្តប្លែកៗជាច្រើនទៀត ដូចជាល្បែងប្រជាប្រិយខ្មែរ ការសម្ដែងអាយ៉ៃយីកេ ស្គរប៉ុក ការរាំម៉ាឌីហ្សុនឆ្នាំ២០២៥ តំបន់ត្រជាក់ ដែលប្រជាពលរដ្ឋយ៉ាងច្រើនណែនណាន់តាន់តាប់បានចូលរួម ប្រកបដោយក្តីសប្បាយរីករាយសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលស្ថិតក្រោមដំបូលនៃសុខសន្តិភាពពេញផ្ទៃប្រទេស៕