ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រារព្ធពិធីពូនភ្នំខ្សាច់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវិរៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ  អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញប្រារព្ធពីធីពូនភ្នំខ្សាច់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ នៅទីតាំងសង្ក្រាន្តប៉ៃលិន មាត់ស្ទឹងប៉ៃលិន។

ជាធម្មតាតាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី តែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការៈបូជា អុជទៀនធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ ក្នុងនោះពិធីពូនភ្នំខ្សាច់ដែលគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងឱ្យព្រះចូលាមនីចេតិយ ដែលសាងសម្រាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ក៏ជាប្រពៃណីទំនៀមទម្លាប់ ដែលខ្មែរយើងតែងតែនិយមធ្វើជារៀងរាល់ពេលបុណ្យចូលឆ្នាំថ្មី ឬធ្វើក្នុងឱកាសពិធីផ្សេងៗដូចជា បុណ្យភ្ជុំបិណ្ឌ ជាដើម។

បើតាមទំនៀមទម្លាប់ពីដូនតាមក ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺប្រព្រឹត្តទៅរយៈពេលចំនួន ៣ថ្ងៃ ដោយថ្ងៃដំបូង ជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវិរៈវ័នបត, ថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក រីឯការកំណត់ខែថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយ ទេព្តាឆ្នាំថ្មី ត្រូវចុះមកទទួល តំណែងពីទេព្តាឆ្នាំចាស់នោះគេ អាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត៕