ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្តដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Delft ប្រទសហុល្លង់


នៅល្ងាចថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Delft របស់ប្រទេសហុល្លង់។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ទស្សនកិច្ចនេះគឺដើម្បីស្វែងយល់លើសកម្មភាពដែលបានសហការនាពេលកន្លងមករវាងសាជីវកម្មទីពិសោធន៍ Delftares ប្រទេសហុល្លង់ជាមួយក្រសួងធនធានទឹក និងឧតុនិយម លើការងារការសាងសង់ទំនប់ទឹក អាងទឹក ព្រែកជីក និងប្រឡាយទឹកគ្រប់ប្រភេទ និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធទឹកដែលមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់ទៅនឹងធារខ្លាំងៗនិងរលកធំៗ និងការបង្កើតកម្មវិធី និង Platforms គ្រប់ប្រភេទនៃប្រព័ន្ធព័ត៌មានធនធានទឹក (Water Resources Information Systems, WRIS) របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់ក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ Delftares បានបន្ថែមលើប៉ារ៉ាមែតចំនួនបីទៀតក្នុងកម្មវិធីដឹកនាំការងារពិសោធន៍ជាអចិន្រ្តៃយ៍ចំនួន ៧របស់ខ្លួនគឺការពិសោធន៍លើការសាងសង់ទំនប់ទឹកដែលមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់ទៅនឹងថាមពលបរមាណូ នុយក្លេអ៊ែ ស៊ូណាមី រញ្ជួយផែនដី និងបាតុភូតធម្មជាតិគ្រប់ប្រភេទក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ ហើយ Delftares ក៏ជាទីពិសោធន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹកដ៏ល្បីល្បាញរបស់ពិភពលោកផងដែរ៕