រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ ការចាក់ផ្សាយ «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត» ផ្ដល់ចំណេះដឹង ជាការផ្ដល់ចំណេះដឹងដល់ពលរដ្ឋកម្ពុជា-ចិន


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» និងសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជាក្រោមប្រធានបទ «កម្ពុជា-ចិនរួមចិត្ត រួមដំណើរលើមាគ៌ាតែមួយ»

កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលបានរៀបចំធ្វើនៅរាជធានីភ្នំពេញ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងផ្នែកឯកជន ភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់ នៅសណ្ឋាគារ Raffles Hotel Le Royal។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនាពេលនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការស្វាគមន៍អស់ពីដួងចិត្តចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង និងគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ លើកឡើងថា ការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត» គឺជាការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវវប្បធម៌របស់ប្រយោគបុរាណចិន ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការអប់រំផ្នត់គំនិតទៅកាន់ប្រជាជនប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហួត ហាក់ មានជំនឿយ៉ាងមុតមាំថា ការចូលរួមចាក់ផ្សាយកម្មវិធីនេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជា នឹងនាំឱ្យកម្មវិធីនេះជាកម្មវិធីផ្តល់ចំណេះដឹង ដែលមានការគ្រាំទ្រពីសំណាក់មហាជន ទាំងនៅកម្ពុជា ចិន និងទូទាំងសាកលលោក។

សូមជម្រាបថា កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេន និងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើម ដកស្រង់ និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មី និងតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពីតម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិ និងទស្សនៈប្រវត្តិសាស្ត្រទូទៅនិងទស្សនៈពិភពលោកដ៏ទូលំទូលាយរបស់លោកប្រធានរដ្ឋចិន Xi Jinping៕