ខេត្តកំពត៖ នារសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានអញ្ជើញទៅពិនិត្យស្ថានភាព និងសក្ដានុពល ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងធ្វើការអភិវឌ្ឍជាភូមិគំរូគន្លឹះ។ ក្នុងភូមិកូនសត្វ មានប្រជាពលរដ្ឋរស់នៅចំនួន ៥៨៦គ្រួសារ ស្មើនឹង ២ ០៣៩នាក់ ស្រី១ ២៥០នាក់ និងមានសក្ដានុពល លើកការបង្កបង្កើនផលស្រូវ ចំការ និងដាំដំណាំសំខាន់ៗ រួមមាន ស្វាយ មេ្រច ទុរេន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រទាក់ក្រឡា ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូរួមដំណើរ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដោយបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតគុណភាពផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតជាដើម។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សិក្សាបន្ថែមពីតម្រូវរបស់សហគមន៍ តាមវិស័យ ដើម្បីបំពេញបន្ថែម តាមរយៈកម្មវិធីត្រី-វិស័យ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាសហថាមពល។
បន្ទាប់ពីបានពិនិត្យសក្តានុពលភូមិរួចមក ឯកឧត្តមរដ្ឋមន្ដ្រី អញ្ជើញទៅពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវ១ខ្សែ (កូនសត្វ-ព្រៃធំ) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងក្រាលបេតុង ប្រវែង ៨,៥៦គ.ម មានលូមូលចំនួន ១៣កន្លែង និងលូប្រអប់ចំនួន ២កន្លែង តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ខេត្តកែប។ ផ្លូវនេះ បានបើកការដ្ឋាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បច្ចុប្បន្នមានវឌ្ឍនភាព ៩៦,៧៥% ហើយគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ។ ប្រជាពលរដ្ឋដែលទទួលផលពីខ្សែផ្លូវនេះមានចំនួន ៥ ៨៦៤ គ្រួសារ ស្មើនឹង ២៧ ២២៧នាក់ ដោយឆ្លងកាត់សាលារៀន វត្តអារាម និងមានប្រជាពលរដ្ឋលក់ដូរតាមខ្សែផ្លូងជាច្រើនផងដែរ៕