សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅប្រទេសប្រ៊ុយណេ


នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃ​ការឡើងគ្រងរាជសម្បត្តិរបស់​ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ​ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ។
ការអញ្ជើញទៅប្រទេសប្រ៊ុយណេ របស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧​ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ​ហាជី​ ហាសាណាល់​ បុលគីយ៉ាស់​ ។ កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ហើយតាមរយៈការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន​ នៅ​ក្នុង​​ពិធី​​ខួប​អនុស្សាវរីយ៍​នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំ​របស់​ថ្នាក់ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរ​ ដើម្បី​ពង្រឹងថែមទៀតនូវ​កិច្ចសហប្រតិបត្តិការទ្វេភាគី​ និងពហុភាគី រវាងកម្ពុជា និងប្រ៊ុយណេ៕