ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ៣ខែដើម ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីអនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៣ខែដើមឆ្នាំ ២០២៥ នេះ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា មានដំណើរការល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាពដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព។
ឯកឧត្តមក៏វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្តកក្រក ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍន៍ស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពជា»។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។
ទន្ទឹមនោះត្រូវខិតខំកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា ហើយពង្រឹងការគ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឱ្យមានតម្លាភាព និងគណនេយ្យភាព៕