កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបានអញ្ជើញចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញអង់គ្លេស និងកុំព្យូទ័រ នៅខេត្តក្រចេះ និងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរ នៅខេត្តត្បូងឃ្មុំ ដែលសិស្សានុសិស្ស និងសិក្ខាកាម សរុប ២៨០នាក់។ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត តុ ហាកឹម លោកគ្រូ អ្នកគ្រូ ចូលរួមផងដែរ។
ឯកឧត្តម បានលើកឡើងថាវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ ភាសាអង់គ្លេស និងកាត់ដេរ ជាគម្រោងផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ជំនាញសម្រាប់យុវជនដ៏មានសារៈសំខាន់ ដើម្បីបង្កលក្ខណៈងាយដល់សិស្សយុវជន និងអ្នកមានតម្រូវការ ទទួលបានការបណ្តុះបណ្តាលជំនាញទាំងនេះ យកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ការងារ និងស្រាវជ្រាវក្នុងបរិបទថ្មី និងសកលភាវូបនីយកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ឯកឧត្តម បានបញ្ជាក់ថា គម្រោងវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ ភាសាអង់គ្លេស និងជំនាញ់កាត់ដេរ មានរយៈ ពេល ១២ខែ ដោយចែកចេញជា២ វគ្គក្នុង១វគ្គមានរយៈពេល ៦ខែ ដែលវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស បានចំណាយថវិកាសរុប ៧១ ៩៨៩ ៧០០រៀលឬប្រមាណ ១៧ ៩៩៨ដុល្លាអាមេរិក មានសិក្ខាកាមសរុប ១៦០នាក់ ឯវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរ ចំណាយថវិកាសរុប ៨០ ៩៥៤ ៦០០រៀល ឬប្រមាណ ១៩ ៧៣៧,៥៨ដុល្លាអាមេរិក មានសិក្ខាកាមសរុប ១២០នាក់។ ចំពោះសិក្ខាកាមដែលជាប់ចំណាត់ពីលេខ១ ដល់លេខ ១០ នៃវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ទទួលបានការលើកទឹកចិត្តបន្ថែម ដូចជា កញ្ចប់សម្ភារៈសិក្សា និងប័ណ្ណសរសើរម្នាក់មួយ ឯសិក្ខាកាមដែលជាប់ចំណាត់ពីលេខ១ ដល់លេខ ២០ នៃវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរ ទទួលបានការលើកទឹកចិត្ត គឺការផ្តល់ជូនម៉ាស៊ីនដេរ ម្នាក់មួយគ្រឿង ដើម្បីយកទៅប្រើប្រាស់ ឬប្រកបរបរកាត់ដេរផ្ទាល់ខ្លួន។
ឯកឧត្តម បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះបានអនុវត្តយូរឆ្នាំមកហើយនៅតាមទីតាំងខុសៗគ្នា ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពត ក្រចេះ និងខេត្តត្បូងឃ្មុំ ហើយឆ្នាំនេះ គឺជាលើកទី១៣ សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ឯវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរ គឺជាលើកទី ១៤ ដែលគម្រោងទាំងពីរទទួលបានជំនួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការរវាងអង្គការជំនួយមនុស្សធម៌អន្តរជាតិ មុស្លិមហេលហ្វិន នៅប្រទេសអាល្លីម៉ង់ ជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា៕