នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលឃុំឈូកស បានអញ្ជេីញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតផ្ទះ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៥គ្រួសារ ស្ថិតនៅភូមិត្រពាំងជ្រៅចំនួន ៤គ្រួសារ និងភូមិជ្រលងកៃស្នារចំនួន ១គ្រួសារ ស្ថិតនៅភូមិត្រពាំងជ្រៅ ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវភេសជ្ជៈ និងថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារ ដែលបានទទួលរងនូវគ្រោះអគ្គីភ័យកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបណ្ដាលឱ្យមានការខូចខាតផ្ទះទាំងស្រុង សម្ភារៈប្រើប្រាស់ ឯកសារនានា និងថវិកាមួយចំនួន ស្ថិតនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត រួមនឹងក្រុមការងាររាជរដ្ឋាភិបាល សាខាកាកបាទក្រហមស្រុក សហភាពសហព័ន្ធយុវជនស្រុកកំពង់ត្រឡាច រដ្ឋបាលភូមិ-ឃុំ បានចូលរួមចំណែកជាថវិកា សម្ភារៈ និងកម្លាំងកាយចិត្ត ដែលធ្វើឱ្យមានការសាងសង់ផ្ទះថ្មីជូនគ្រួសាររងគ្រោះឡើងវិញ។
ឯកឧត្ដមបណ្ឌិត បានបន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥ គ្រួសារ ស្ថិតនៅភូមិច្រករមៀត ភូមិស្រែប្រិយ៍ ភូមិចាន់គៀក ភូមិសាលាលេខ ៥ និងភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥ គ្រួសារនោះ រួមមានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ៣ដប ទឹកស៊ីអុីវ ៣ដប ទឹកគោឆៅ ១យួរ និងថវិកាមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ នៅមូលដ្ឋាន ដែលបានជួយយកអាសារ និងមានសាមគ្គីភាពក្នុងអំឡុងពេលកំពុងមានបញ្ហា។ បន្ថែមពីលើនោះ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីបញ្ហាការការពារពីគ្រោះធម្មជាតិ ដូចជាភ្លៀង ខ្យល់កន្ត្រាក់ អគ្គិភ័យ និងបញ្ហាសុខភាព និងអនាម័យឱ្យបានគ្រប់ៗគ្នា៕